ភ្នំពេញ : នៅរសៀលថ្ងៃទី១០ខែឧសភាឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យ៤នាក់ ២ករណីផ្សេងគ្នា។
ករណីទី១៖ ជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប្រើហិ.ង្សាដោយទាញយកកាំ.បិតបុ័ង.តោ កា.ប់ទៅលើជនរងគ្រោះម្នាក់ កំពុងអង្គុយចុចទូរស័ព្ទលេងហ្គេម បណ្ដាលឲ្យរបួសធ្ងន់
កាលពីវេលាម៉ោង១និង០០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុច ខាងត្បូងព្រះវិហារវត្តហារ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ប៊ុត វីរ: ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបាន០៣នាក់ ទី១ ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករោងចក្រ។ ទី២ ឈ្មោះ សាវិន វិសាល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរព្រូឡាន។ ទី៣ ឈ្មោះ ទូច សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីទី២ ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ប៉ុនប៉ងលួច (ទ្រព្យសម្បត្តិ) និងដកហូតកាំ.បិតប៉័ងតោចំនួន២ដើម កាលពីវេលាម៉ោង៨និង០០នាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចបុរីភ្នំពេញសុខសាន្ត ផ្ទះK១៩ ផ្លូវ BT១ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ងន លន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅកន្លែងកើតហេតុខាងលើ។
ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ចំរើន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិសហគមន៍ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ កាំ.បិងប៉័ង.តោចំនួន០២ ។

សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុជនរងគ្រោះ កំពុងតែរៀបចំពិធីអាពាហ៍ពិពាហ៍កូន នៅចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ប្រដាប់ដោយកាំ.បិតប៉័ង.តោចំនួន០២ បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ដែលកំពុងតែរៀបចំពិធីមង្គលការ ប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។ ពេលឃើញដូចនេះ ជនរងគ្រោះក៏បានឃាត់ខ្លួនជនសង្ស័យ រួចទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យជួយអន្តរាគមន៍ ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង កាំបិតប៉័ងតោចំនួន០២ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស តាមនីតិវីធី ចំណែកបក្ខពួក០២នាក់ទៀត ទី០១ឈ្មោះ ណាង ភេទប្រុស អាយុ១៩ឆ្នាំ ទី០២ឈ្មោះ ស្នា ភេទប្រុស អាយុ២៣ឆ្នាំកំពុងគេចខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការចាត់ការ ទៅតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

