Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីតាមដាននិងវាយតម្លៃនូវការវិវត្តនៃស្ថានភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា

spot_img

នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃ
កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោក Alasdair Scott  ប្រធានក្រុមបេសកកម្មរបស់ IMF សម្រាប់កម្ពុជា ជួបពិភាក្សាការងារនៅ ធនាគារជាតិនៃកម្ពុជា។

ជារៀងរាល់ឆ្នាំ ក្រុមបេសកកម្មរបស់ IMF តែងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីតាមដាននិងវាយតម្លៃនូវការវិវត្តនៃស្ថានភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ប៉ុន្តែត្រូវអាក់ខានក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដោយកិច្ចការនានាត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញជំនួសវិញ។ ស្របពេលដែលជំងឺកូវីដ-១៩ នៅកម្ពុជាមានសភាពធូរស្រាល និងការបើកប្រទេសឡើងវិញ ក្រុមបេសកកម្មរបស់ IMF នឹងជួបពិភាក្សាការងារដោយផ្ទាល់ជាមួយក្រសួង-ស្ថាប័ន និងនឹងអាជ្ញាធរពាក់ព័ន្ធចាប់ពីថ្ងៃទី៩ -១៦ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម ទេសាភិបាលរង បានជម្រាបជូនក្រុមបេសកកម្មថា ស្ថានភាពជំងឺកូវីដ-១៩ មានភាព ល្អប្រសើរជាលំដាប់ ដោយរាជរដ្ឋាភិបាលបានចាត់វិធានការគ្រប់គ្រងបានទាន់ពេលវេលា ជាពិសេសការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដល់ប្រជាជនបានជាង ៩០% ព្រមទាំងបានដាក់ចេញនូវគោលនយោបាយគាំទ្រនានា ដើម្បីទ្រទ្រង់ជីវភាពប្រជាជនដែលងាយរងគ្រោះ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។ កត្តាទាំងនេះនឹងធ្វើឱ្យកម្ពុជាសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ដោយនៅឆ្នាំ២០២២នេះ កម្ពុជារំពឹងថានឹងទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងអត្រា ៥,៣% ដែលគាំទ្រដោយកំណើនក្នុងវិស័យ កម្មន្តសាល (៩,៦%)  វិស័យសំណង់ (១,២%) វិស័យកសិកម្ម (១,២%) និងវិស័យទេសចរណ៍ដែលត្រូវបានរំពឹងថានឹងមានកំណើនវិជ្ជមាន (៦%) បន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងខ្លាំងកាលពី២ឆ្នាំមុន។

អតិផរណារំពឹងថានឹងកើនឡើង ៤% ដោយសារកំណើនថ្លៃនៃ ម្ហូបអាហារ ប្រេងឥន្ធនៈ (ឥទ្ធិពលពីសង្រ្គាមរុស្សី-អ៊ុយក្រែន) និងថ្លៃដឹកជញ្ជូន ស្របពេលដែល មានការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការក្នុងស្រុក។ ដោយឡែក ប្រព័ន្ធធនាគារនៅកម្ពុជាបន្តមានស្ថិរភាព និងរក្សាបាននូវភាពធន់ ព្រមទាំងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ឥណទានគ្រឹះស្ថានធនាគារមានកំណើន ២២,១%  ដោយបានបែងចែកទៅកាន់វិស័យសំខាន់ៗនៃសេដ្ឋកិច្ច។

ឯកឧត្តម ទេសាភិបាលរង ក៏បានថ្លែងអំណរគុណដល់ IMF ដែលបានគាំទ្រ ធនាគារជាតិនៃកម្ពុជា តាមរយៈ ការបណ្តុះបណ្តាល និងការផ្តល់ជំនួយបច្ចេកទេស ទាំងរយៈពេលខ្លីនិងវែង។ ក្នុងរយៈពេលកន្លងមក ធនាគារជាតិនៃកម្ពុជាបានទទួលជំនួយបច្ចេកទេសលើ ការត្រួតពិនិត្យប្រព័ន្ធធនាគារ ស្ថិរភាពហិរញ្ញវត្ថុ និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត។ ជារួមមក ឯកឧត្តម ទេសាភិបាលរង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួយបច្ចេកទេសរបស់ IMF កន្លងមក និងបានស្នើសុំ IMF បន្តផ្តល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពស្ថាប័ននិងមន្ត្រីជំនាញ និងជួយតាមដានលើវឌ្ឍនភាពនិងបញ្ហាប្រឈមរបស់សេដ្ឋកិច្ចកម្ពុជា ដើម្បីរួមចំណែកបន្តជំរុញកំណើនប្រកបដោយចីរភាពនិងបរិយាប័ន្ន៕

spot_img
×