Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ចាត់តាំងទីប្រឹក្សារបស់ IMF អមធនាគារជាតិនៃកម្ពុជាថ្មី

កាលពីថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានទទួលជួបជាមួយ លោក Vassilli Prokopenko សេដ្ឋវិទូជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលបន្ទុកជំនួយបច្ចេកទេសសម្រាប់កម្ពុជា ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ក្នុងគោលបំណងណែនាំជំនាញការថ្មី របស់ IMF អមធនាគារជាតិនៃកម្ពុជា និងពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាង មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សនិងការផ្តល់ជំនួយបច្ចេកទេសដើម្បីបន្តគាំទ្រការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា។

លោក Jérôme SCHMIDT បច្ចុប្បន្នជាជំនាញការត្រួតពិនិត្យនៃធនាគារកណ្តាលបារាំង នឹងមកបំពេញបេសកកម្មជាទីប្រឹក្សារបស់ IMF អមធនាគារជាតិនៃកម្ពុជា ចាប់ពីខែកញ្ញា ឆ្នាំ២០២២បន្តពីលោក Didier DEBALS បច្ចុប្បន្នបំពេញបេសកកម្មជាទីប្រឹក្សារបស់ IMF អមធនាគារជាតិនៃកម្ពុជា ដែលនឹងបញ្ចប់បេសកកម្មនិងត្រឡប់ទៅបំពេញមុខងារជាជំនាញការត្រួតពិនិត្យនៃធនាគារកណ្តាលបារាំងវិញ។

ឯកឧត្តម ទេសាភិបាលរង បានថ្លែងអំណរគុណដល់ IMF ដែលតែងតែបានជួយគាំទ្រនិងផ្តល់ជំនួយបច្ចេកទេសទាំងរយៈពេលខ្លីនិងវែង ដល់ធនាគារជាតិនៃកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤ មក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យធនាគារកម្ពុជាឱ្យមានការរីកចម្រើននិងរឹងមាំនាពេលបច្ចុប្បន្ន។ ឯកឧត្តម ទេសាភិបាលរង ក៏បានថ្លែងអំណរគុណដល់ធនាគារកណ្តាលបារាំង ដែលបានផ្តល់ជំនាញការប្រកបដោយសមត្ថភាពខ្ពស់ និងការគាំទ្រហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន ចំពោះវត្តមានជំនាញការអមធនាគារជាតិនៃកម្ពុជា។

តាងនាមមូលនិធិរូបិយវត្ថុអន្តរជាតិ លោក Vassilli Prokopenko បានសម្តែងការគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ជាពិសេសបានថ្លែងការកោតសរសើរពីការរីកចម្រើននៃវិស័យធនាគារកម្ពុជា ភាពរឹងមាំនិងតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចនិងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ និងទស្សនវិស័យវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា។  លោកជឿជាក់ថា លោក Jérôme SCHMIDT នឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា៕

×