Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងអំពីបញ្ហាផលិតបទចម្រៀង និងវីដេអូខុសឆ្គង ត្រូវហៅមកណែនាំអប់រំ

ភ្នំពេញ ៖ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ តាមរយៈវីដេអូខ្លី» នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពន្យល់ឆ្លើយតបទៅនឹងសំណួរ ដែលថា «ការផលិតបទចម្រៀង និងវីដេអូផ្សេងៗ ហេតុអ្វីបានជាទាល់តែមានកំហុស ទើបក្រសួងហៅផលិតករមកអប់រំ ?» លោកស្រីបណ្ឌិត បានថ្លែងថា បើសិនជាក្រសួងគ្រប់គ្រងដល់ការផលិតទៀតនោះ វាប្រៀបបីដូចជាបិទសិទ្ធិផលិតករអញ្ចឹង, មិនត្រឹមតែជាការប៉ះពាល់ដល់សិទ្ធិទេ តែការធ្វើបែបនេះ ក៏ជាសកម្មភាពមួយដែលបង្អាក់ដល់ការតែងនិពន្ធផ្នែកសិល្បៈទៀតផង។

លោកស្រីបណ្ឌិត ភឿង សកុណា បានលើកឡើងថា យើងមិនអាចកំណត់បានទេ, បើសិនយើងដាក់ការកំណត់វិញនោះ វាទៅជាចង្អៀតណាស់រឿងសិទ្ធិ, ត្រង់ចំណុចនេះក៏ក្រសួងបានគិតដែរ អញ្ចឹងហើយបានជាចម្រៀងភាគច្រើន យើងមិនកុងត្រូល (ត្រួតត្រា) ដែលនេះធ្វើឱ្យសាធារណៈមតិខ្លះរិះគន់ត្រឡបើមកវិញ គឺជេរក្រសួង។ នៅពេលចម្រៀងចេញទៅ មានលក្ខណៈអាសអាភាស ពាក្យពេចន៍មិនសមរម្យ គឺជេរមកក្រសួង, តាមពិតយើងមិនអាចធ្វើអញ្ចឹងបានទេ បើសិនជាស្អីក៏កុងត្រូល សេរីភាពបញ្ចេញមតិត្រូវបិទតែម្តង សិទ្ធិរបស់ពួកគាត់ គឺប៉ះហលយ។ អញ្ចឹងឱ្យគាត់ធ្វើចុះ តែបើប៉ះពាល់ចំណុចណា គឺយើងទប់។

មានសំណួរខ្លះទៀតលើកឡើងថា ម៉េចក៏មិនបិទមុនចេញ? លោកស្រីរដ្ឋមន្ត្រី បានបង្ហាញថា បើគ្រប់ចម្រៀងទាំងអស់ត្រូវឆ្លងមកក្រសួង គឺលំបាកណាស់, ចម្រៀងមិនសូវអីទេ ព្រោះពេលចេញទៅ បើបិទវិញ មិនសូវខាតទេ តែបើសិនជាកុន (ភាពយន្ត) ចេញទៅហើយបិទវិញនោះ ខាតងាប់ហើយ, អញ្ចឹងយ៉ាងហោចណាស់ យើងមើលសេណារីយោរបស់គាត់ ពេលខុសអីយើងណែនាំទៅ។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងថា ÷

  • ត្រូវតាមដានលើមាតិកា ខ្លឹមសារ រូបភាព និងការសម្ដែងតាមកម្មវិធីនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាព និងការសម្ដែងផ្ទាល់ ដែលមានលក្ខណៈអាសអាភាស ប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃស្ត្រី,
  • ត្រូវចាត់វិធានការរដ្ឋបាលនានា ក្នុងគោលដៅអប់រំណែនាំដល់ក្រុមគោលដៅ ឬបុគ្គលដែលបង្កហេតុ,
  • ក្នុងករណីមិនរាងចាល អង្គភាពឬមន្ទីរ ត្រូវធ្វើរបាយការណ៍បញ្ជូនមកក្រសួង ដើម្បីក្រសួងស្នើសុំកិច្ចសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត ចាត់វិធានការបន្ត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
×