ភ្នំពេញ ៖ លិខិតសំណូមពរ ខ្ញុំបាទ ឈ្មោះ ណោ ផល ជាប្រជាការពារ ឃុំកំពង់សឹង មានទីលំនៅ ភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង សូមគោរពជូន លោកស្នងការនគរបាលខេត្តព្រៃវែង ជាទីគោរព ដ៏ខ្ពង់ខ្ពស់។
កម្មវត្ថុ ÷ ខ្ញុំសូមគោរពស្នើសុំ លោកស្នងការនគរបាលខេត្តព្រៃវែង មេត្តាជួយ រកយុត្តិធម៌ ដល់ខ្ញុំ បាទដែលជាប្រជាការពារ ដោយស្ម័គ្រចិត្ត ចូលបម្រើការងារ ដោយមិនមានប្រាក់ខែទេ, មានតែប្រាក់ឧបត្ថម្ភបន្តិចបន្តួច មិនគិតថ្ងៃឬយប់, ស្រាប់តែមានរឿងអកុសលមួយនឹកស្មានមិនដល់ គឺ នៅថ្ងៃទី2 ខែមេសា 2022 ខ្ញុំបាទកំពុង កឹបសំបុតម៉ូតូ ក្នុងកម្មវិធីបុណ្យឆ្លងចេតិយ ស្ថិតក្នុងវត្តប្រាសាទមង្គល។ ពេលនោះ មានភ្លៀងរលឹម ខ្ញុំបាទ បានពាក់អាវភ្លៀង និងកំពុងសឺរ៉េម៉ូតូ ឲ្យត្រង់ជួរ, ភ្លាមនោះ ស្រាតែមានក្មេងទំនើងម្នាក់ឈ្មោះ ដាបញ្ញា មកក្របួចអាវភ្លៀងខ្ញុំពីក្រោយ វាយខ្ញុំចំនួន 5 ដៃ ចំគុម្ពត្រចៀកខាងឆ្វេង បណ្ដាលឱ្យជាំខៀវត្រចៀកម្ខាង, ពេលនោះខ្ញុំអត់បានតបត ព្យាយាមទូរស័ព្ទទៅមេប៉ុស្តិ៍ តែគាត់ទៅពិសាការនៅអ្នកលឿង ហើយគាត់ថាចាំគាត់ ចាត់ការឱ្យ លុះដល់ថ្ងៃបន្ទាប់ លោកនាយប៉ុស្តិ៍ ទូរស័ព្ទមកឱ្យខ្ញុំបាទ ដាក់ពាក្យបណ្ដឹង ខ្ញុំបាទក៏យល់ព្រម ដាក់ពាក្យបណ្ដឹង នៅថ្ងៃនោះតែម្ដង តែពាក្យបណ្ដឹង នេះ គ្មានអ្នករកខុសត្រូវឱ្យទេ ស្ងាត់ទៅស្ងាត់ទៅ រហូតដល់ថ្ងៃទី3 ខែឧសភា 2022 ខ្ញុំទូរស័ព្ទទៅសួរគាត់ គាត់ថា ចាំគាត់រកយុត្តិធម៌ឱ្យស្អែក។

លុះដល់វេលាម៉ោង7ព្រឹក ថ្ងៃទី4 ខែ ឧសភា ឆ្នាំ2022 គាត់ទូរស័ព្ទឲ្យខ្ញុំ ទៅប៉ុស្តិ៍ នៅវេលា ម៉ោង 8 និង 20 នាទី ខ្ញុំទៅដល់ប៉ុស្តិ៍ អង្គុយចាំការដោះស្រាយ, គាត់ថា ឲ្យកម្លាំងទៅតាមហើយ គាត់ឲ្យខ្ញុំ ទៅថតចម្លងសំបុត្រកំណើត។ លុះត្រឡប់មកវិញ ស្រាប់តែឃើញម្ដាយជនបង្កមកដល់ប៉ុស្ដិ៍ដែរ រួចដើរគេចទៅសាលាឃុំ ស្រាប់តែមេប៉ុស្តិ៍ ប្រាប់ខ្ញុំថា ដាបញ្ញា ជាជនបង្កទៅអ្នកលឿងហើយមិនដឹងពេលណាត្រឡប់មកវិញទេ, គាត់ឱ្យខ្ញុំមកផ្ទះសិន ពេលជនបង្កមកដល់ ចាំគាត់ទូរស័ព្ទឱ្យខ្ញុំទៅវិញ ។ ពេលនោះ ខ្ញុំក៏លាគាត់ត្រឡប់មកផ្ទះវិញ, តែដើម្បីចង់ដឹងថា ជននោះទៅអ្នកលឿងមែនឬអត់ ខ្ញុំក៏ជិះម៉ូតូទៅតាមមើលនៅផ្ទះជនបង្ក គឺឃើញជនបង្កនៅចាក់ធុងបាស នៅផ្ទះ ដូចគ្មានរឿងអីកើតឡើង ខ្ញុំក៏សម្រេចចិត្តត្រលប់ទៅ សុំដកពាក្យបណ្ដឹង គាត់ក៏យល់ព្រមអោយខ្ញុំដក ពាក្យបណ្ដឹង ខ្ញុំក៏យកពាក្យបណ្ដឹង ត្រឡប់មកផ្ទះវិញ តែខ្ញុំជិះម៉ូតូឆៀងតាមផ្លូវជនបង្ក ស្រាប់តែលេចមុខ មានប៉ូលីសម្នាក់ និងប្រជាការពារ មួយនាក់ នៅផ្ទះជនបង្កទៅវិញ ខ្ញុំអត់យល់ទាល់តែសោះអ្នករងគ្រោះ ប៉ូលីសអត់ការពារ បែរទៅការពារជនបង្កវិញ?

អាស្រ័យហេតុនេះ សូមលោកស្នងការនគរបាលខេត្ត ព្រៃវែង ជួយរកយុត្តិធម៌ ឲ្យខ្ញុំបាទផង ខ្ញុំខ្លាចក្រែង មានការរួមចំណែកគ្នាណាមួយ បង្កហានិភ័យដល់រូបខ្ញុំ ហេតុនេះហើយ ខ្ញុំនៅតែភ័យខ្លាចដដែល សូមលោកស្នងការនគរបាលខេត្តព្រៃវែង ជួយរកខុសត្រូវឲ្យបានលឿន ដល់ខ្ញុំបាទជាជនរងគ្រោះផង ព្រោះខ្ញុំគ្មានថវិកាណា សម្រាប់សូកប៉ានគេទេ មានតែទីពឹង ទៅលើលោកស្នងការ ខេត្តព្រៃវែង ទាំងស្រុង សូមអរគុណ ពីខ្ញុំ ណោ ផល៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN




