ភ្នំពេញ : តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទ ចំនួន ២នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារម្នាក់ៗ កំណត់ ៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ រៀបចំចាត់តាំងក្រុមជនប្រដាប់អា.វុធ និង សន្និធិអាវុ.ធគ្រឿងផ្ទុះ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ ២០១៨ នៅត្រង់ចំណុចរាជធានីភ្នំពេញ ខេត្តកំពក ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ។
លោក សឹង វុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មាន៖ ១-ឈ្មោះ ៖ ប៉េង សុខា ហៅ ម៉ៅ ភេទប្រុស កើតឆ្នាំ ១៩៦៥ មានទីលំនៅ ភូមិសម្បទានសែនជ័យ ឃុំត្រែងត្រយីង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ២- ឈ្មោះ ណុប វ៉ុន ភេទប្រុស កើតឆ្នាំ ១០៧០ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ម្នាក់ ៦ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៥ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ : រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ និង សន្និធិអាវុធគ្រឿងផ្ទុះ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ តាមមាត្រា ៤៨៦ និង ៤៨៨ នៃក្រមព្រហ្មទណ្ឌ។
តែជនជាប់ចោទ បានប្តឹងឧទ្ធរណ៍ខណ:ដែលសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់ រក្សាទុកជាបានការដដែល។
ពួកគេ ក៏បានប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។
ជនជាប់ចោទទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិសម្បទានសែនជ័យ ឃុំត្រែងត្រយីង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សំណុំរឿងក្តីនេះ, តុលាការកំពូលបានលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

