នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ តាមរយៈទំព័រហ្វេសប៊ុកឈ្មោះ Ladbible បានលាតត្រដាងវីដេអូដ៏រន្ធត់មួយ បង្ហាញនារីទេសចរវ័យក្មេង២នាក់ ខណៈពួកនាងកំពុងដើរទស្សនាមើលបុរាណវត្ថុនៃប្រាសាទដ៏ល្បីនៅអេហ្សីប ស្រាប់តែក្មេងស្ទាវទំទង់ៗមួយក្រុម បានដើរតាម ឡោមព័ទ្ធជុំវិញ រួចប្រើសម្តីគំរាម និងបញ្ចេញសកម្មភាពលូកលាន់តែម្តង។ វីដេអូនៃហេតុការណ៍នេះ បានកើតឡើងនៅប្រាសាទពីរ៉ាមីត Giza ស្ថិតនៅជិតរដ្ឋធានី Cairo ។
វីដេអូដែលថតដោយមគ្គុទ្ទេសក៍ទេសចរណ៍ បានបង្ហាញឱ្យឃើញក្មេងជំទង់មួយក្រុម កំពុងនិយាយលេងសើច និងបញ្ចេញកាយវិការលូកលាន់ ទៅកាន់នារីទេសចរពីរនាក់ ខណៈដែលពួកនាងព្យាយាមដើរចេញទាំងមិនពេញចិត្ត ប៉ុន្តែ ក្រុមក្មេងជំទង់ទាំងនោះ នៅតែបន្តដើរតាមពីក្រោយ ហើយនៅពេលនោះ នារីវ័យក្មេងម្នាក់ក៏បានព្យាយាមរុញច្រានយុវជនម្នាក់ចេញ ខណៈសំឡេងមួយត្រូវបានលឺនិយាយថា ចាំមើល វីដេអូនេះនឹងត្រូវបានដល់រដ្ឋមន្រ្តីក្រសួងទេសចរហើយ។
បន្ទាប់ពីវីដេអូនេះ ត្រូវបានផ្សព្វផ្សាយ ក្លាយជាប្រធានបទដ៏ក្តៅគគុក មនុស្សជាច្រើនបានខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើដ៏អសិលធម៌របស់ពួកក្មេងស្ទាវទាំងនោះ ហើយក៏បានអំពាវនាវឲ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ស៊ើបអង្កេតចំពោះករណីនេះ។
ក្រោយមក ការិយាល័យអគ្គមេធាវីនៃប្រទេសអេហ្ស៊ីប បានចេញសេចក្តីថ្លែងការណ៍មួយដែលបង្ហាញថា អាជ្ញាធរបានឃាត់ខ្លួនក្មេងជំទង់ចំនួន ១៣ នាក់ នៅក្នុងវីដេអូដែលមានអាយុពី ១៣-១៥ ឆ្នាំ បន្ទាប់ពីមានការចោទប្រកាន់ថាបានបៀតបៀនកេរ្តិ៍ខ្មាសស្ត្រីអ្នកទេសចរ ទាំងពាក្យសំដី និងផ្លូវកាយ។ ប្រសិនបើត្រូវចោទប្រកាន់ នោះពួកគេទាំងអស់ នឹងត្រូវនាំទៅកាត់ទោសនៅតុលាការអនីតិជន។
ដំបូងឡើយ ជនដៃដល់ជាយុវជនទាំងអស់នោះ បានបដិសេធការចោទប្រកាន់នេះ។ តែទោះជាយ៉ាងណា បច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងការឃុំឃាំងរង់ចាំការស៊ើបអង្កេត។ តែដោយឡែក សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងភ្ញៀវទេសចរស្រីរងគ្រោះទាំងពីរ មិនត្រូវបានគេបញ្ចេញឲ្យដឹងនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








