ភ្នំពេញ ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) គូសបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកម្ពុជា ជាមួយការផ្តល់ហិរញ្ញប្បទានជាង ៣០០ លានអឺរ៉ូដល់គម្រោងនានា សម្រាប់ឆ្នាំ២០២២-២០២៤។ នេះបើតាមការប្រកាសព័ត៌មានពីស្ថានទូតបារាំងប្រចាំកម្ពុជា នាថ្ងៃពុធនេះ។
ស្ថានទូតបារាំងប្រចាំកម្ពុជា បានបន្តទៀតថា ក្នុងអំឡុងនៃជំនួបពិភាក្សាប្រចាំឆ្នាំ រវាងតំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដៃគូបច្ចេកទេសមកពីក្រសួង និងស្ថាប័ននានា និងទីភ្នាក់ងារ AFD ទស្សនៈវិស័យអនាគត នៃកិច្ចសហប្រតិបត្តិការត្រូវបានលើក យកមកពិភាក្សា។

ជំនួបនេះ បានឈានទៅដល់កិច្ចព្រមព្រៀងមួយ ដែលផ្តោតលើវិស័យអាទិភាព រួមមាន៖ ទឹក អនាម័យ កសិកម្ម ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងន័យនេះ ជាមួយគោលដៅផ្តល់ ហិរញ្ញប្បទាន១០០លានអឺរ៉ូជារៀងរាល់ឆ្នាំ ទីភ្នាក់ងារAFD ខិតខំក្នុងការផ្តល់ ហិរញ្ញប្បទាន ដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ ព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



