ភ្នំពេញៈ ប្រតិកម្មតបទៅនិងសេចក្តីសម្រេចរបស់សភាអឺរ៉ុប, ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការផែនការ កិច្ចការបរទេស ឃោសនាការ សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានឡើងថ្លែងក្នុងអង្គប្រជុំរដ្ឋសភានៅថ្ងៃទី១១ ខែឧសភា នេះថា សេចក្តីសម្រេចរបស់សភាអឺរ៉ុប ដែលបានចេញកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ គឺជាការបំភ្លៃ ការលំអៀង មានចរិតនយោបាយ ប្រកាន់ភាគីម្ខាងៗ និងខ្វះការគោរពដល់រដ្ឋអធិបតេយ្យ។ សេចក្តីសម្រេចនេះ និងសេចក្តីសម្រេចមុនៗ ដែលពាក់ព័ន្ធនឹងកម្ពុជា មានចេតនាមើលរំលងវឌ្ឍនភាពនៃកំណែទម្រង់លើផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងស្រុង។
សភាអឺរ៉ុបបែរជាផ្អែកទាំងស្រុង តែទៅលើប្រភពព័ត៌មានដែលគ្មាន ការបញ្ជាក់ច្បាស់លាស់ ផ្តល់ដោយអ្នកនយោបាយឆ្វេងនិយម និងពួកប្រជាកលនិយម សកម្មជននយោបាយជ្រុលនិយម និងអង្គការសិទ្ធិមនុស្សដែលប្រឆាំងនឹងរាជរដ្ឋាភិបាល ទោះបីអ្នកទាំងនោះភាគច្រើនមិនដែលបានមកដល់ប្រទេសកម្ពុជាផ្ទាល់ ឬដែលគ្មានការប្រាស័្រយទាក់ទងជាមួយរាជរដ្ឋាភិបាលកម្ពុជាសោះឡើយ។

ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ទៀតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល បានខិតខំប្រឹងប្រែងនិងបានដាក់ចេញវិធាន ការណ៍ជាច្រើន ដើម្បីធានាឱ្យការបោះឆ្នោតឃុំ-សង្កាត់ នៅខែមិថុនានាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សន្តិភាព និងតម្លាភាព ដើម្បីធានាឱ្យបាននូវបរិយាកាសអំណោយផលល្អ និងមានការប្រកួតប្រជែងដោយស្មើភាពគ្នា សម្រាប់គណបក្សនយោបាយដែលបានចុះឈ្មោះទាំងអស់ តាមគោលការណ៍បោះឆ្នោតបែបប្រជាធិបតេយ្យ និងគោលនយោបាយពហុបក្ស។
ឯកឧត្តមបានអះអាងថា កម្ពុជានៅតែប្រកាន់ខ្ជាប់លើការគាំពារ និងលើកកម្ពសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្រោមរដ្ឋធម្មនុញ្ញ ស្របតាមបរិបទសង្គម ប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្លួន។ កម្ពុជាប្រកាន់ជំហររឹងមាំក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពហុបក្ស ដើម្បីធានានូវសន្តិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ប្រទេសជាតិ។
ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាក៏បានអំពាវនាវឱ្យសភាអឺរ៉ុបធ្វើកិច្ចសហប្រតិបត្តិការពិតប្រាកដ ដោយគ្មានរបៀបវារៈលាក់កំបាំងពីក្រោយណាមួយឡើយ ដើម្បីពង្រឹងប្រព័ន្ធពហុភាគីនិយម រួមគ្នាដោះស្រាយបញ្ហាប្រឈមរួម ដែលពិភពលោកកំពុងជួប ប្រទះដូចជា៖ បម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត ឧក្រិដ្ឋកម្មឆ្លងដែន និង អសន្តិសុខស្បៀង ក៏ដូចជាដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កំណើនបៃតងប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។ រដ្ឋសភាកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការជាមួយសភាអឺរ៉ុប ដើម្បីបង្កើនទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាព អឺរ៉ុប ក្រោមគោលការណ៍ស្មើភាពទាំងអធិបតេយ្យ ឯករាជ្យ និងឈរលើមូលដ្ឋាន វ៉នការគោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងការផ្ដល់ផលប្រយោជន៍ ទៅវិញទៅមក ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិ៕ រក្សាសិទ្ធិដោយៈ ចេស្តារ



