ភ្នំពេញ ៖ នាព្រឹកថ្ងៃ ពុធ ទី ១១ ខែ ឧសភា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល (FMIS Portal Version 1) ជំហានទី១ ជាផ្លូវការនៅរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និង មន្រ្តី នៃរតនាគាររាជធានី-ខេត្ត មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត និងជាពិសេសក្រុង-ស្រុក ដែលជាតួអង្គសំខាន់ត្រូវប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល FMIS Portal ជំហានទី១ ។

មានប្រសាសន៍នៅក្នុងកម្មវិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ពីភាពចាំបាច់មិនអាចខ្វះ បាននៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) នៅក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺការដាក់ឱ្យដំណើរការជាបន្តបន្ទាប់ នូវឧបករណ៍សម្រាប់ការគាំទ្រដល់ការវិភាគ និង ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ ក្នុងនោះមានឯកសារឌីជីថល (FMIS Portal) ជាដើម ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា ឯកសារឌីជីថល នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលបន្ថែមនៃការពង្រីកវិសាលភាព និងការគ្របដណ្ដប់ឱ្យបានគ្រប់ជ្រុងជ្រោយនៃប្រព័ន្ធ FMIS និងជួយសម្រួលដល់មន្ត្រីថ្នាក់ក្រោមជាតិ តួយ៉ាងមន្ត្រី ស្រុក ឃុំ ក្នុងការបញ្ជូនឯកសារស្នើសុំ និងទូទាត់ចំណាយប្រចាំអង្គភាព ។ ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធឯកសារឌីជីថល នឹងជាចលករជំរុញការខិតទៅរកព័ត៌មានគ្រប់ជ្រុងជ្រោយនៅក្នុងប្រព័ន្ធ FMIS និង ជួយកាត់បន្ថយនូវបន្ទុកការងារសម្រាប់ មន្ត្រីអនុវត្ត ដែលកន្លងមកត្រូវធ្វើដំណើរក្នុងប្រវែងឆ្ងាយដើម្បីអាចបញ្ជូនឯកសារទាំងអស់នោះមកកាន់រតនាគាររាជធានីខេត្តបាន។ កិច្ចការទាំងអស់នេះ ពិតជាស្របទៅតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលមានសសរស្តម្ភចំនួន៣ រួមមាន (១). ការកសាងពលរដ្ឋឌីជីថល (២). ការកសាងសេដ្ឋកិច្ចឌីជីថល និង (៣). ការជំរុញធុរកិច្ចឌីជីថល ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តកាលពីឆ្នាំ២០២១ ដើម្បីកែលម្អ និងកសាងជាសន្សឹមៗប្រកបដោយសរសរស្តម្ភរឹងម៉ាំ និង មានភាពជាម្ចាស់ខ្ពស់ ចំពោះសង្គមនិងសេដ្ឋកិច្ចឌីជីថល ។
គួរបញ្ជាក់ជូនថា វត្តមាននៃប្រព័ន្ធ FMIS បានក្លាយជាជន្ទុល និង ឆ្អឹងខ្នងដ៏រឹងមុំានៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលគិតមកទល់ពេលនេះ ប្រព័ន្ធ FMIS ត្រូវបានទទួលស្គាល់ទាំងស្ថាប័នអនុវត្ត និង ដៃគូរអភិវឌ្ឍន៍ ដែលមានដូចជា សហភាពអឺរ៉ុប មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះប្រសិទ្ធភាព និង ការមិនអាចខ្វះបាននៃប្រព័ន្ធនេះ។ ប្រព័ន្ធ FMIS នាពេលបច្ចុប្បន្នបានគ្របដណ្តប់ទៅកាន់ក្រសួង-ស្ថាប័នទាំង ៣៧ ព្រមទាំងអង្គភាពថវិកាអណាប័កផ្ទេរសិទ្ធិពេញលេញ, រតនាគារ, និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្តទាំង២៥, ព្រមទាំងរដ្ឋបាលរាជធានីខេត្តទាំង ២៥ ។

ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងសន្សំសំច័យខ្ពស់ ដើម្បីជ្រោមជ្រែងដល់ការកាត់បន្ថយចំណាយ ក្នុងការដោះស្រាយឱ្យទាន់សភាពការ នៃវិបត្តិកូវីដ១៩ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញលើកទឹកចិត្ត ដល់មន្ត្រីអនុវត្តគោលនយោបាយ សម្រាប់បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះចាប់យកឱ្យបាននូវការផ្លាស់ប្តូរថ្មីនេះ ធ្វើយ៉ាងណាតាមឱ្យទាន់សម័យកាល និងការវិវឌ្ឍរបស់សង្គម និង សេដ្ឋកិច្ចជាតិ ។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅ ក្នុងពីធី “ប្រកាសដាក់ឱ្យប្រើចាស់ប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំនាន់ទី១ ជាផ្លូវការនៅរដ្ឋបាលស្រុក និង រដ្ឋបាលឃុំ” បានថ្លែងថា
ការសម្រេចបាននូវការអភិវឌ្ឍប្រព័ន្ធឯកសារឌីជីថលនេះ គឺកំពុងបង្ហាញ យ៉ាងច្បាស់ពីការផ្តួចផ្តើម និង ការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាលើការងារកែទម្រង់ក្នុងវិស័យសាធារណៈសំខាន់ៗទាំងបី រួមមាន កម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីកែទម្រង់រដ្ឋបាលសាធារណះ និង កម្មវិធីកែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលត្រូវបានកំណត់ជាឧបករណ៍គោលនយោបាយគន្លឹះ សម្រាប់ដោះ ស្រាយបញ្ហាប្រឈមនានា និងបង្កើតនូវកាលានុវត្តភាពថ្មីៗ សម្រាប់ពន្លឿនដល់ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា នៅក្នុងនីតិកាលទី ៦ នេះ និងនីតិកាល បន្តបន្ទាប់ តាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។
ប្រព័ន្ធឯកសារឌីជីថលនេះ បានចាប់ផ្តើមគិតគូររៀបចំ និងអភិវឌ្ឍនៅ ក្នុងឆមាសទី២ ឆ្នាំ ២០២១ កន្លងទៅ និងបានបញ្ចប់ជាស្ថាពរនូវប្រព័ន្ធជំនាន់ទី ១ នៅក្នុងឆមាសទី១ ឆ្នាំ ២០២២នេះ ដោយឆ្លងកាត់ការធ្វើតេស្តលើមុខងារ របស់ប្រព័ន្ធ និង ទទួលស្គាល់ពីអគ្គនាយកដ្ឋានពាក់ព័ន្ធរួមជាមួយនឹងរតនាគារខេត្ត ព្រមទាំងបានធ្វើតេស្តពីគុណភាព និងសុវត្ថិភាពដោយក្រុមការងារជំនាញ ដែលទទួលបន្ទុកផ្នែកនេះផងដែរ ។
ប្រព័ន្ធឯកសារឌីជីថលជំនាន់ទី ១ នេះ នឹងផ្តល់អត្ថប្រយោជន៍ចម្បងៗ ដូចជា ១. បញ្ចូនឯកសារឌីជីថលរហ័សទាន់ពេលវេលា ដោយមិនតម្រូវឱ្យមន្ត្រី រដ្ឋបាលស្រុក និង រដ្ឋបាលឃុំ ចំណាយពេលធ្វើដំណើរដឹកជញ្ជូនឯកសារទៅរត នាគារខេត្តដោយផ្ទាល់នោះទេ ដែលអាចចៀសផុតពីហានិភ័យនានា ដូចជា គ្រោះថ្នាក់ចរាចរណ៍ ជាដើម, ២. ផ្តល់ភាពងាយស្រួលក្នុងប្រើប្រាស់បានពីគ្រប់ទីកន្លែង និង គ្រប់ពេលវេលានៅលើទូរសព្ទដៃដែលភ្ជាប់សេវាអ៊ីនធឺណិត ៣. អាច ធ្វើការឆ្លើយឆ្លងទំនាក់ទំនងគ្នាតាមប្រព័ន្ធដោយផ្ទាល់ទាំងសារជាអក្សរ ជាសម្លេង ជារូបភាព, ជាវីដេអូ និងជាឯកសារ ព្រមទាំងអាចចែករំលែកឯកសារទៅកាន់ កម្មវិធីទំនាក់ទំនងផ្សេងៗបាន ៤. ផ្ដល់នូវសុវត្ថិភាពខ្ពស់ក្នុងការផ្លាស់ប្តូរ និង រក្សាទុកទិន្នន័យ ដោយមានការជូនដំណឹងនៅរាល់ពេលមានការកែប្រែឯកសារ និង ពិនិត្យ ឬ អនុម័តនៅលើសំណើ និង ៥. រាល់ការធ្វើប្រតិបត្តិការ មានការកត់ ត្រាកាលបរិច្ឆេទ និង ពេលវេលាច្បាស់លាស់ ប្រកបដោយតម្លាភាព និង គណនយ្យភាព ។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជម្រាបជូនបន្ថែមទៀតថា ប្រព័ន្ធឯកសារឌីជីថលជំនាន់ទី ១ នេះ ថ្វី ត្បិតតែជាប្រព័ន្ធសម្រាប់ជំនួសឱ្យការដឹកជញ្ជូនឯកសារ ជាក្រដាសស្នាមក្តី, ជាក់ស្តែង គឺជាប្រតិបត្តិការហិរញ្ញវត្ថុមួយផ្នែក រួចទៅហើយ ដោយសារនៅលទ្ធផលចុងក្រោយ, រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ នឹងទទួលបានលេខសម្គាល់បញ្ជាក់ អំពីមន្ត្រីរតនាគារវិញ ដែលលេខសម្គាល់នោះ ពីទទួលបានមកពីប្រតិបត្តិការ ក្នុងប្រព័ន្ធ FMIS ស្នូល, មានន័យថា ប្រតិបត្តិការរបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ត្រូវបានបញ្ជាក់ថា ត្រឹមត្រូវដោយប្រព័ន្ធ FMIS ស្នូលរួចស្រេចហើយ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







