ភ្នំពេញ ៖ ស្ដីពីអ្នកដំណើរផ្លូវអាកាសចេញ-ចូលប្រទេសកម្ពុជា, បើតាមការបញ្ជាក់ពី លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ថា អ្នកដំណើរចូលមកកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានខេត្តសៀមរាប, និងអាកាសយានដ្ឋានខេត្តព្រះសីហនុ ក្នុងខែមេសាឆ្នាំ២០២២នេះ មានចំនួនជាង ១២ម៉ឺននាក់ កើនឡើងជាង៥០០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

ពេញមួយខែមេសានេះ មានជើងហោះហើរ ចំនួន ១៧១២ជើង កើនឡើងជាង៩០០ជើង ឬស្មើនឹង១១២% បើធៀបនឹង ឆ្នាំ២០២១ ដែលមានត្រឹមតែ ៨០៦ជើងប៉ុណ្ណោះ និងស្មើប្រមាណ១៥%នៃឆ្នាំ២០១៩ មុនពេលមិនទាន់មានការរីកដាលនៃជំងឺកូវីដ-១៩។ ចំណែកការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស មានចំនួន ៤ ៨៥៥តោន កើនឡើង៣៤% បើធៀបនឹងខែមេសាឆ្នាំ២០២១ ដែលមានចំនួន ៣ ៦១២តោន។
បើធៀបពេញមួយខែដូចគ្នា រវាងខែមេសា និងខែមីនា ឆ្នាំ២០២២ កើនឡើងជាង១១ម៉ឺននាក់ ពោលគឺខែមីនា ឆ្នាំ២០២២ អ្នកដំណើរតាមផ្លូវអាកាសមានប្រមាណតែជាង ៩ពាន់នាក់ប៉ុណ្ណោះ លុះមកដល់ខែមេសា ឆ្នាំ២០២២នេះ មានចំនួនជាង ១២ម៉ឺននាក់, ប៉ុន្តែ បើគិតជាភាគរយធៀបនឹងឆ្នាំ២០១៩ អាកាសយានដ្ឋានទាំងបីទទួលបានការដឹកជញ្ជូនអ្នកដំណើរ គឺស្មើនឹង១៥% នៃឆ្នាំ២០១៩ទេ។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានកត់សម្គាល់ថា ផ្លូវហោះហើរដែលមានកំណើនខ្ពស់នៅក្នុងខែមេសានេះ គឺភ្នំពេញ-បាងកក ដែលក្នុងមួយសប្តាហ៍កើនឡើងដល់២៥ជើង និង ភ្នំពេញ-សិង្ហបុរី កើនឡើងដល់១៩ជើងក្នុងមួយសប្តាហ៍ ដែលស្មើនឹង៨០%នៃឆ្នាំ២០១៩។ សរុបជើងហោះហើររបស់អាកាសយានដ្ឋានទាំងបី មានជាង២៥០ជើងក្នុងមួយសប្តាហ៍, ប៉ុន្តែក្នុងចំណោមអាកាសយានដ្ឋានទាំង៣ គឺមានតែអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែមួយទេ មានសកម្មភាពមមាញឹកជាងគេ ស្មើនឹង២៥% នៃឆ្នាំ២០១៩»៕ ពិសិដ្ឋ CEN














