កាលពីពេលថ្មីៗនេះ គ្រូពេទ្យក្លែងក្លាយជនជាតិវេណេហ្ស៊ុយអេឡាម្នាក់ ត្រូវបានចាប់ខ្លួន ពីបទដាក់បញ្ចុះ «ដងជ័រដោតស្ករគ្រាប់ lollipop» នៅក្រោមស្បែកមនុស្សរាប់សិបនាក់ និងបោកបញ្ឆោតពួកគេឱ្យជឿថា វាជាឧបករណ៍ពន្យារកំណើតកម្រិតខ្ពស់។
Jose Daniel Lopez អាយុ ៣៨ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបោកបញ្ឆោតស្ត្រី ២៥ នាក់ ឱ្យបង់ប្រាក់ឱ្យគាត់ ដើម្បីដាក់ដងជ័រ lollipop នៅក្រោមស្បែករបស់ពួកគេ ដោយចាត់ទុកថាជាថ្នាំពន្យារកំណើត ប៉ុន្តែ ផ្ទុយទៅវិញ បានបណ្តាលឱ្យពួកគេមួយចំនួនមានផ្ទៃពោះទៅវិញ។
Lopez ដែលមិនមានគុណវុឌ្ឍិវេជ្ជសាស្រ្ត ធ្វើការនៅក្នុងមណ្ឌលសុខភាពមួយនៅ La Victoria និង Maracay ប្រទេស Venezuela បន្ទាប់ពីបានក្លែងបន្លំសញ្ញាបត្រវេជ្ជសាស្ត្ររបស់គាត់។ គាត់មានការយល់ឃើញខ្លះៗអំពីនីតិវិធីវេជ្ជសាស្រ្ដ នៅពេលដែលគាត់បានធ្វើការផ្សាំក្រោមស្បែកដោយខ្លួនឯង ដោយអះអាងថាវាជា “Implanon” ដែលជានីតិវិធីពន្យារកំណើតពិតប្រាកដ ដែលពាក់ព័ន្ធនឹងការដាក់កំណាត់ផ្លាស្ទិចតូចៗ ទៅផ្សាំនៅក្រោមស្បែកដើមដៃ។
យោងតាមគ្លីនិក Mayo នីតិវិធី Implanon ពិតប្រាកដសំដៅលើការផ្សាំពន្យារកំណើត ដែលបញ្ចេញកម្រិតទាបនៃអរម៉ូនប្រូសេស្តេរ៉ូន ដើម្បីធ្វើឱ្យទឹករំអិលកស្បូនក្រាស់ និងស្តើងស្រទាប់ខាងក្នុងនៃស្បូន ហើយវាក៏ទប់ស្កាត់ការបញ្ចេញពងអូវុលផងដែរ។ ការផ្សាំទាំងនេះមានរូបរាងជាកំណាត់ផ្លាស្ទិចតូចៗដែលដាក់ក្រោមដើមដៃ ប៉ុន្តែ ក្នុងករណីរបស់ Lopez វាមិនខុសពីយកដងជ័រ lollipop ដែលមិនបានធ្វើអ្វីឲ្យមានប្រសិទ្ធភាពនោះឡើយ។
ការបោកប្រាស់ដែលមិនគួរឱ្យជឿរបស់ Lopez បានកើតឡើងជាលើកដំបូង នៅពេលដែលវេជ្ជបណ្ឌិតពិតប្រាកដម្នាក់ឈ្មោះ Rafael Chirinos បានចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីព្រមានមនុស្សអំពីរឿងនេះដោយអះអាងថា គាត់បានឃើញការលើកឡើងអំពីនីតិវិធីនេះនៅលើ WhatsApp ពីស្ត្រីមានផ្ទៃពោះ ហើយពួកគេមិនយល់ពីមូលហេតុ។
វេជ្ជបណ្ឌិត Chirinos បាននិយាយថា “ខ្ញុំកំពុងឃើញស្ថានភាពជាច្រើននៅលើ WhatsApp របស់គ្រូពេទ្យក្លែងក្លាយខាងលើដែលសន្មត់ថា ខ្លួនជាអ្នកឯកទេសខាងរោគស្ត្រី ដែលបានផ្សព្វផ្សាយប្រតិបត្តិការ ក្នុងការដាក់វិធីសាស្ត្រពន្យារកំណើតដោយប្រើ Implanon។ វាបានក្លាយទៅជាការឆបោក នូវអ្វីដែលគាត់បានផ្សាំនោះ គឺតាមពិតជាដងជ័រ lollipop ”។
បន្ទាប់ពីស្រាវជ្រាវការងាររបស់ “គ្រូពេទ្យ” Jose Daniel Lopez, លោកវិជ្ជបណ្ឌិត Chirinos បានណែនាំស្ត្រីដែលបានទទួលនូវអ្វីដែលពួកគេគិតថាជាការផ្សាំ Implanon នៅ La Pastillita ឬ Clinica La Trinidad ឱ្យទៅពិនិត្យសុខភាពឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
ការបោកប្រាស់របស់ Lopez នៅទីបំផុតបានរីករាលដាល ហើយទោះបីជាគាត់បានគេចខ្លួនភ្លាមៗ នៅពេលរឿងនេះបានចាប់ផ្តើមផ្ទុះឡើងយ៉ាងណា ក៏នៅទីបំផុត គាត់ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ El Castano ក្នុងរដ្ឋ Aragua ជាកន្លែងដែលគាត់កំពុងលាក់ខ្លួនពីច្បាប់។ គាត់ត្រូវបានគេចោទប្រកាន់ពីបទអនុវត្តឱសថខុសច្បាប់ និងក្លែងបន្លំឯកសារផ្លូវការ ក្នុងចំណោមរឿងផ្សេងទៀត ហើយគាត់អាចនឹងចំណាយពេលច្រើនឆ្នាំនៅក្នុងគុកផងដែរ។
សូមបញ្ជាក់ថា IMPLANON ជាថ្នាំផ្សាំពន្យារកំណើតដែលបញ្ចេញអ័រម៉ូនសម្រាប់ស្ត្រីដើម្បីការពារការមានផ្ទៃពោះ បានរហូតទៅដល់ ៣ ឆ្នាំ។ ការផ្សាំគឺជាកំណាត់ដងផ្លាស្ទិចទន់ដែលអាចបត់បែនបាន…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







