Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃួង ស្រេង ណែនាំឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកម្លាំងពាក់ព័ន្ធយកចិត្តទុកដាក់ ការពារសន្តិសុខ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅខែក្រោយ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឲ្យប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតនានានៅក្នុងរាជធានីភ្នំពេញ។

ការណែនាំបែបនេះ របស់ឯកឧត្តមឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ឧសភាឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ តំណាងស្នងការនគរបាលរាជធានី តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ពន្ធនាគាររាជធានី កងយុទ្ធភូមិភាគពិសេស និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំងអស់។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ក្រៅពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតហើយនោះ ត្រូវពិនិត្យពីភាពអសកម្មនានានៅតាមទីតាំងនិងការិយាល័យបោះឆ្នោត សំដៅធ្វើយ៉ាងណា អោយការបោះឆ្នោតនេះ ដំណើរការទៅដោយរលូនធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តមឃួង ស្រេង ទាមទារឲ្យកម្លាំងនិងអាជ្ញាធរទាំងអស់ក្រៅពីការខិតខំប្រឹងប្រែងបំពេញការងារក្នុងអំឡុង ពេលយុទ្ធនាការឃោសនា និងអំឡុងពេលបោះឆ្នោតនេះហើយ ត្រូវពិនិត្យមើលផ្លូវច្បាប់ឲ្យច្បាស់លាស់ ដើម្បីអនុវត្តការងារទាំងនេះ បានទៅដោយរលូន បានល្អប្រសើរនិងគ្មានកំហុសឆ្គង។

គួរបញ្ជាក់ថា៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តមឃួង ស្រេង បានរៀបចំផែនការរួចហើយ សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងយុទ្ធនាការឃោសនា និងបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់នេះ ដោយនៅភ្នំពេញ អ្នកមានឈ្មោះ ត្រូវទៅបោះឆ្នោតមានចំនួន៨៩៩៦៨៨នាក់ មានការិយាល័យបោះឆ្នោតចំនួន២១៩៧ ការិយាល័យ ស្មើនិង២៦៥ទីតាំង។ ដោយចាប់ពីពេលនេះតទៅ រហូតដល់បញ្ចប់ការបោះឆ្នោត យើងបានរៀបចំកម្លាំងបានយ៉ាងល្អ ទាំងកម្លាំងសន្តិសុខ កម្លាំងប៉ូលីស និងកងរាជអាវុធហត្ថ ។ នៅពេលបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត យើងបាន រៀបចំជា៣តំបន់ នោះគឺតំបន់ A B និងC (Aនៅ បរិវេណបោះឆ្នោត , B ឆ្ងាយពីទីតាំង៥០ម៉ែត្រ និងCនៅក្រៅទីតាំង១០០ម៉ែត្រ) សំដៅធ្វើយ៉ាងណាឲ្យការបោះឆ្នោតនេះ ដំណើរការទៅដោយរលូនធានាបានសន្តិសុខ សុវត្ថិភាព មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×