កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានចេញលិខិតប្រកាសជាសាធារណៈ ស្តីពីការទទួលស្គាល់ការនាំចូលផលិតផលសាប៊ូកក់សក់ សាប៊ូបន្ទន់សក់ និងគ្រឿងសម្អាងម៉ាក «ARGANMIDAS» របស់ក្រុមហ៊ុន ជែគប្រូ អូឌីយ៉ូ ឯ.ក និងផ្តល់សិទ្ធិដល់ក្រុមហ៊ុន អាចលក់ចែកចាយផ្តាច់មុខតែមួយគត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងលិខិតត្រូវបានធ្វើឡើង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនទៅដល់សាធារណជនបានដឹងយ៉ាងដូច្នេះថា តាមកម្មវត្ថុ និងយោងខាងលើ ក្រសួងពាណិជ្ជកម្មឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលសាប៊ូកក់សក់ សាប៊ូបន្ទន់សក់ និងគ្រឿងសម្អាងម៉ាកខាងលើរបស់ក្រុមហ៊ុន ជែក ប្រូ អូឌីយ៉ូ ឯ.ក ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន Guangzhou Sun Sara Cosmetic Co, Ltd ដូចដែលមានចែកក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ដែលក្រសួងបានតម្កល់ទុករួចហើយ។
ក្រសួងកបញ្ជាក់ឲ្យដឹងថា លិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ មានសុពលភាពត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខ ហើយអាចនឹងត្រូវបាត់បង់សុពលភាពជាស្វ័យប្រវត្តិ មុនកាលបរិច្ឆាទផុតកំណត់ខាងលើ ប្រសិនបើមានការជូនដំណឹងអំពីការបញ្ចប់សិទ្ធិពីក្រុមហ៊ុន Guangzhou Sun Sara Cosmetic Co, Ltd ដែលជាម្ចាស់ម៉ាក។
ក្រសួងបញ្ជាក់បន្ថែមថា ចាប់ពីក្រោយរយៈពេល ៩០ ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ អ្នកទទួលសិទ្ធិស្របច្បាប់មានសិទ្ធិប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការការរារាំងទំនិញដែលនាំចូលស្របគ្នា។
ដូច្នេះ នីតិបុគ្គលដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ត្រូវផ្សព្វផ្សាយលិខិតខាងលើនេះជាបន្ទាន់ ក្នុងទំព័រខាងមុខរបស់សារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្តាញសង្គមនានា និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៕


