ភ្នំពេញ ៖ លោកស្រី ទាវ ឡាយចេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្តែង
នូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់រាជធានីភ្នំពេញ នារយៈពេល២០ឆ្នាំចុងក្រោយនេះ ដោយមានទាំងអាគារខ្ពស់ៗជាមួយនឹងអាគារវ័យចំណាស់ ដែលជាការទាក់ទាញភ្ញៀវ អន្តរជាតិយ៉ាងច្រើន មកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ ហើយអ្វីដែលពិសេសថែមទៀតនោះ គឺរាជធានីភ្នំពេញ មានអភិបាលកិច្ចល្អដែលធ្វើឱ្យអ្នកវិនិយោគទុននានា មានជំនឿទុកចិត្ត ចង់មកវិនិយោគទុន នៅប្រទេសកម្ពុជាជាពិសេស នៅរាជធានីភ្នំពេញ។

ការសំដែងនូវការកោតសរសើរពីសំណាក់លោកស្រី ឯកអគ្គរដ្ឋទូតខាងលើនេះ បានធ្វើឡើង ខណៈដែលលោកស្រី បានចូលជួបសំដែងការគួរសមជាមួយឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ខែឧសភាឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។
លោកស្រីទាវ ឡាយចេង បានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះភ្នំពេញ ពិតជាបង្ហាញពីភាពរីកចម្រើនយ៉ាងខ្លាំងក្លាដោយមានអាគារខ្ពស់ជាច្រើន ហើយអគារវ័យចំណាស់ ក៏មានច្រើនគួរឲ្យកត់សម្គាល់ផងដែរ ។ នេះជាការទាក់ទាញភ្ញៀវឲ្យមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ។ ជាក់ស្តែងអគាររដ្ឋបាលរាជធានីភ្នំពេញ ដែលលោកស្រីបានជួបសម្តែងការគួរសម ជាមួយលោកអភិបាលរាជធានីនេះ គឺជាអគារដែលមានអគារវ័យចំណាស់ជាង១០០ឆ្នាំហើយ។ បន្ថែមពីនេះ រាជធានីភ្នំពេញ ក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុថែមទៀត ដែលពីមុនយើងប្រើពេលវេលាប្រមាណ៦ម៉ោង តែក្រោយពីដាក់ឲ្យដំណើរការផ្លូវល្បឿនយើងនឹងប្រើប្រាស់ត្រឹមតែ ២ម៉ោងប៉ុណ្ណោះ។ ការបង្កើតឲ្យមានអាកាសយានដ្ថានថ្មី ,ការបង្កើតឱ្យមានបណ្ដាញផ្លូវធំថ្មីៗ កាត់ខ្វែងជាច្រើនកន្លែងទៀត ធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍរីកចម្រើនខ្លាំងឡើង។ ប៉ុន្តែអ្វីដែលសំខាន់មួយទៀតនោះ គឺរដ្ឋបាលរាជធានីភ្នំពេញ មានអភិបាលរកិច្ចល្អ ដែលធ្វើឱ្យអតិថិជនក្រុមហ៊ុនឯកជននានា មានការជឿទុកចិត្ត ចង់មកបណ្ដាក់ទុនរកស៊ីនៅក្នុងរាជធានីភ្នំពេញ ។

លោកស្រីក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុននៅសិង្ហបុរី បានបណ្ដាក់ទុនរកស៊ីនៅព្រះរាជាណាចក្រកម្ពុជាច្រើន ទាំងការវិនិយោគលើវិស័យពាណិជ្ជកម្ម , វិស័យដឹកជញ្ជូននិងការបំពាក់សូឡានៅតាមអគារផ្សេងៗជាដើម។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនប្រមូលសំរាម គ្រប់គ្រងសំណល់រឹង មួយរបស់សាំងហ្គាពួរ ក៏បានមកបណ្ដាក់ទុននៅរាជធានីភ្នំពេញផងដែរ។ ជាងនេះទៅទៀតលោកស្រី ក៏បានអបអរសាទរនិងកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្ដេចតេជោហ៊ុន សែន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានទប់ស្កាត់ជម្ងឺកូវីដ-១៩ ទទួលជោគជ័យ និងបានបើកប្រទេសឲ្យដំណើរការ ជាប្រក្រតីឡើងវិញ។
ឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះក៏បានមានប្រសាសន៍ ពីស្ថានភាពរបស់រាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពិសេសក្នុងរយៈពេល២០ ឆ្នាំចុងក្រោយនេះរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍រីកចំរើនគួរឲ្យកត់សម្គាល់ ធ្វើឲ្យកំណើនប្រជាពលរដ្ឋចេះតែកើនឡើងដោយមកដល់ពេលនេះ ទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍ និងអ្នកមកប្រកបមុខរបរកទទួលទាន នៅរាជធានីភ្នំពេញមានចំនួនប្រមាណជា ៣លាននាក់ ដែលធ្វើឱ្យមានការ កកស្ទះចរាចរណ៍យ៉ាងខ្លាំង ។ ប៉ុន្តែបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើការដោះស្រាយឱ្យប្រសើរឡើងវិញ។
ឯកឧត្តមឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អ រហូតមកដល់ពេលនេះ យើងបានបើកឲ្យដំណើរការប្រទេសឡើងវិញ ជាមួយនឹងការមិនពាក់ម៉ាកសម្រាប់ នៅតាមទីសាធារណៈផងដែរ។ ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការសាងសង់មន្ទីរពេទ្យថ្មីមួយថែមទៀតផងដែរ ដើម្បីព្យាបាលជំងឺឆ្លងផ្សេងៗទៀត។ ក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ កម្ពុជាទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងព្យាបាលជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋខ្មែរនិងជនបរទេស ដែលស្នាក់នៅកម្ពុជាដោយមិនគិតថ្លៃថែមទៀតផង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







