ភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹង នៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២២នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា កន្លងមក ក្រសួងបានទទួលពាក្យបណ្តឹង ពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានលើកឡើងថា មានជនខិលខូចមួយចំនួនទាំងជនជាតិខ្មែរ និងជនបរទេស ដែលជ្រកក្រោមស្លាកសាលាភាសា អង្គការ និងសមាគមផ្សេងៗ បានចុះផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកាពីប្រជាពលរដ្ឋ ដោយធានាអះអាងថា អាចបញ្ជូនទៅធ្វើការតាមរដូវកាលនៅក្រៅប្រទេស ដែលមានប្រាក់ចំណូលខ្ពស់។
កន្លងមក ក្រសួងក៏ធ្លាប់ទទួលបានការស្នើសុំ ឱ្យមានកិច្ចសហការលើការបញ្ជូនពលករ ទៅធ្វើការ នៅក្រៅប្រទេសតាមរដូវកាលផងដែរ ប៉ុន្តែក្រសួងសង្កេតឃើញថា ការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនេះ នៅមានបញ្ហាប្រឈមមួយចំនួនដូចជា មិនទាន់មានយន្តការសមស្រប និងច្បាស់លាស់ ការងារមានរយៈពេលខ្លី ខណៈការចំណាយខ្ពស់មិនសមស្របនឹងប្រាក់ចំណូលដែលទទួលបាន ហើយលក្ខខណ្ឌការងារនៅមិនទាន់ ត្រូវបានធានា និងការពារដោយបទដ្ឋានគតិយុត្តិនៃប្រទេសទទួលនៅឡើយ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមបញ្ជាក់សាជាថ្មី ជូនបងប្អូនប្រជាពលរដ្ឋ សាធារណជន ក៏ដូចជា ស្ថាប័ន ពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា បច្ចុប្បន្ន កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅ ក្រៅប្រទេសនៅឡើយទេ ដោយទាមទារឱ្យមានការសិក្សាស្រាវជ្រាវ លើស្ថានភាពសេដ្ឋកិច្ចប្រទេសទទួល លក្ខខណ្ឌការងារ កម្រៃសេវាដែលបងប្អូនពលករត្រូវចំណាយ និងជាពិសេសលើយន្តការនៃការបញ្ចូន ដើម្បីទទួលបានឱកាសការងារសមរម្យនៅក្រៅប្រទេស។
ករណីមានកិច្ចព្រមព្រៀង លើការបញ្ជូនពលករទៅធ្វើការ តាមរដូវកាលនៅក្រៅប្រទេស ជាមួយប្រទេសណាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជូនដំណឹង ជាសាធារណៈ។
ក្រសួងការងារ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់បោកជនឆ្លៀតឱកាស និងចូលរួមផ្សព្វផ្សាយបន្ត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

