វ៉ាស៊ីនតោន៖ ការឯកភាពគ្នារទៅលើការបើកទេសចរណ៍ឡើងវិញនេះ ធ្វើឡើងក្នុងជំនួបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី ១១ខែឧសភា ឆ្នាំ ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
នៅក្នុងជំនួបនោះគឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាមបានព្រមព្រៀងគ្នា ក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសឡើងវិញ និងបានណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍ប្រទេសទាំងពីរ ពិភាក្សាគ្នាឱ្យបានច្បាស់លាស់ជុំវិញលក្ខខណ្ឌនៃការធ្វើដំណើរ បន្ទាប់ពីផ្អាកដោយសារការរាតត្បាតជំងឺកូវីដ១៩ ខណៈ ប្រទេសកម្ពុជា ក៏បានសម្រួលលក្ខខណ្ឌមួយចំនួន ប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។
លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម ក៏បានឯកភាពជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណា ឱ្យប្រទេសយើងទាំង២ បានបើកទេសចរណ៍ឡើងវិញទាំងស្រុង ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នា។
គួររំលឹកបញ្ជាក់ថា ប្រទេសកម្ពុជា ក៏បានបើកច្រកព្រំដែនគោក ជាមួយប្រទេសថៃឡើងវិញផងដែរ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ដើម្បីសម្រួលឱ្យប្រជាជន និងភ្ញៀវទេសចរ អាចធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកបាន ដោយភ្ជាប់ជាមួយលក្ខខណ្ឌខ្លះៗ ដែលភាគីថៃតម្រូវឱ្យអនុវត្ត ដើម្បីសុវត្ថិភាពពីជំងឺឆ្លងកូវីដ១៩៕