ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណចំនួន២៣០០នាក់ ទទួលបានសេវាសុខាភិបាលពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក។
បើយោងតាមការឱ្យដឹងពីលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ខែវិច្ឆិកានេះ បានឲ្យដឹងទៀតថា៖ ដើម្បីផ្ដល់សេវាសុខាភិបាល និងជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបបញ្ហាសុខាភាព ឬគ្រោះថ្នាក់ដោយប្រការណាមួយ ក្នុងពេលដើរទស្សនាកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកនោះ ក្រសួងសុខាភិបាល បានសហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរពេទ្យជាតិនានា ចាត់ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមគ្រូពេទ្យចល័តជិត១ពាន់នាក់ នៅតាមទីតាំងផ្សេងគ្នា ដើម្បីសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងដោយឥតគិតថ្លៃ។
លោក ងី មានហេង បានបញ្ជាក់ទៀតថា៖ ចំពោះតង់ក្រុមគ្រូពេទ្យប្រចាំការមានចំនួន ១២កន្លែង និងក្រុមគ្រូពេទ្យចល័តមានចំនួន ១០ក្រុម ដែលដើរចល័តនៅតាមជុំវិញបរិវេណនៃព្រះរាជពិធីបុណ្យអុំទូក។ ក្រៅពីនេះ ក្រសួង និងមន្ទីរសុខាភិបាល ក៏បានបញ្ឈររថយន្តសង្គ្រោះចំនួន ៥៨គ្រឿងផងដែរ ដើម្បីត្រៀមចាំដឹកអ្នកជំងឺ ឬអ្នករបួសធ្ងន់ធ្ងរឆ្ពោះទៅកាន់មន្ទីរពេទ្យជាតិធំៗចំនួន៥ រួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។លោកបានបញ្ជាក់ថា សម្រាប់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក (គិតត្រឹមម៉ោង៥) បានផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋបានប្រមាណ ២៣០០នាក់ ភាគច្រើនវិលមុខ អស់កម្លាំង ចុកពោះជាដើម ពោលមិនមានបញ្ហាធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះឡើយ។ ចំណែកតួលេខប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាល ពីគណៈកម្មការថ្នាក់ជាតិវិញ មិនទាន់ទទួលបាននោះឡើយទេ។
ជាមួយគ្នាលោកប្រធានមន្ទីរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរថា ប្រសិនបើមានបញ្ហាសុខាភាព ឬសាច់ញាត់ មិត្តភក្តិជួបបញ្ហាសុខាភាពដោយប្រការណាមួយ សូមស្វែងរកសេវាសុខភាពនៅតាមទីតាំងដូចខាងលើ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ១១៩ សម្រាប់រថយន្ដគិលានសង្គ្រោះបន្ទាន់។
គួរបញ្ជាក់ដែរថា៖ ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក មានប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តចន្លោះ៦០ម៉ឺននាក់ ខណៈបញ្ហាចរាចរណ៍ត្រូវបានសម្រួស បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានរឹតបន្ដឹងយ៉ាងម៉ឺងម៉ាត់៕ ដោយ៖កូឡាប