ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ក្រសួងសុខាភិបាល តែងតែផ្តល់ការគាំទ្រដល់ក្រុមហ៊ុនឯកជនស្របច្បាប់ទាំងអស់ ដែលមានបំណងវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា ខណៈបច្ចុប្បន្ននេះមានផលិតផលសុខភាព និងបរិក្ខារវេជ្ជសាស្ត្រពីប្រទេសអូទ្រីស ក្នុងកម្រិតនៅតិចតួចនៅឡើយ ដែលបានចុះបញ្ជិកានៅកម្ពុជា។
នាព្រឹកថ្ងៃ សុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Michael Schmeiser, First Secretary & Deputy Head of Mission, Austrian Embassy ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ចដែលមានក្រុមហ៊ុនអូទ្រីសមួយចំនួនបានចូលរួមផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអូទ្រីស ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋក្នុងពេលកន្លងមករហូតកម្ពុជាអាចសម្រេចបានគោលដៅបើកដំណេីរការប្រទេសឡើងវិញយ៉ាងឆាប់រហ័ស ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋបានរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី សំដៅអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
លោកជំទាវរដ្ឋលេខាធិការ ក៏បានបន្ថែមថា បច្ចុប្បន្ននេះយើងបានខិតខំលើការងារជម្រុញបង្កើនការថែទាំសុខភាពបឋម (Primary Health Care Booster) ឱ្យដើរតួនាទីគ្រឹះសម្រាប់ជំរុញការចូលរួមចំណែកសម្រេចបាននូវការគ្របដណ្តប់សេវាសុខភាពជាសាកល ហេីយក្រសួងសុខាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការងារជាច្រេីនសំដៅគ្របដណ្តប់សេវាសុខភាពជាសាកលនេះឯង ។ លោកជំទាវបានបន្តថា ទោះបីយើងរស់ក្នុងបរិបទកូវីដ-១៩ តែវិស័យពាណិជ្ជកម្ម និងធុរកិច្ច នៅតែមានដំណើរការ និងសហការជាប្រចាំ។

គណៈប្រតិភូបានថ្លែងអបអរសាទរដោយក្តីកោតសរសើរ ប្រទេសកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ គណ:ប្រតិភូ បានជម្រាបជូនអង្គប្រជុំពីគោលបំណងធ្វើកិច្ចសហប្រតិបត្តិការដោយប្រើកម្ចីអភិវឌ្ឍន៍(Soft Loan) ក្នុងផ្នែកសុខាភិបាល។
លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកជម្រាបជូនដល់គណៈប្រតិភូធុរ:កិច្ចអូទ្រីសបន្ថែមថា ក្រសួងសុខាភិបាលតែងតែផ្តល់ការគាំទ្រដល់ក្រុមហ៊ុនឯកជនស្របច្បាប់ទាំងអស់ដែលមានបំណងវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ បច្ចុប្បន្ននេះមានផលិតផលសុខភាព និងបរិក្ខារវេជ្ជសាស្ត្រពីប្រទេសអូទ្រីស ក្នុងកម្រិតនៅតិចតួចនៅឡើយ ដែលបានចុះបញ្ជិកានៅកម្ពុជា។ លោកជំទាវបានលើកទឹកចិត្តគណៈប្រតិភូធុរកិច្ចអូទ្រីស សិក្សាលទ្ធភាពពង្រីកទីផ្សារនាំយកនូវផលិតផលសុខភាព និងបរិក្ខារវេជ្ជសាស្ត្រអូទ្រីសមកកម្ពុជា។ លោកជំទាវបានលើកទឹកចិត្ត និងស្នើសុំភាគីអូទ្រីសជួយលើគម្រោងផ្តល់សេវាកម្មវេជ្ជសាស្ត្រ ការផ្តល់សេវាថែទាំព្យាបាលជំងឺមិនឆ្លង ការវិនិយោគលើបច្ចេកវិទ្យាវេជ្ជសាស្ត្រ Digital Health ដែលជាផ្នែកមួយនៃគម្រោងជំរុញការថែទាំសុខភាពបថម (PHC Booster) ដើម្បីឈានទៅគ្របដណ្តប់សេវាសុខភាពជាសាកល។ ក្រសួងសុខាភិបាលតែងតែស្វាគមន៍នូវជំនួយអភិវឌ្ឍន៍(Grant Project) ដែលផ្តល់ផលប្រយោជន៍ដល់ការលើកកម្ពស់សុខភាពប្រជាជន។ ចំពោះកម្ចី(Soft Loan) នេះ លោកជំទាវស្នើគណៈប្រតិភូពិភាក្សាបន្ថែមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






