ភ្នំពេញៈ ប្រធានក្រុមហ៊ុន ACCI (អេស៊ីស៊ីអាយ) ត្រូវបានតុលាការដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) និងដាក់ឲ្យស្ថិតតនៅក្រោមការត្រួតពិនិត្យ ពីបទឆបោកក្នុងរឿងជម្លោះដណ្តើមដីគ្នា ជាមួយភាគីម្ខាងទៀត ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងកាលពថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ដោយចៅក្រមស៊ើបសួរ ញឹម ពិសាល។
ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា បន្ទាប់ពីតុលាការសម្រេចឃុំខ្លួនប្រធានក្រុមហ៊ុន ACCI (អេស៊ីស៊ីអាយ) បានមួយថ្ងៃ ស្រាប់តែមានមន្ត្រីយោធាផ្កាយបីម្នាក់កំពុងតែអន្តរាគមន៍ដើម្បីរត់ការដោះលែងប្រធានក្រុមហ៊ុន ACCI ឲ្យនៅក្រៅឃុំ។
ប្រភពបានបន្តថា នៅក្នុងរឿងនេះ ក៏មានការជាប់ពាក់ព័ន្ធជាមួយឧត្តមសេនីយ៍យោធាមួយចំនួននៅក្រសួងការពារជាតិផងដែរ ដែលឃុបឃិតគ្នាជាមួយប្រធានក្រុមហ៊ុន ACCI (អេស៊ីស៊ីអាយ) រៀបចំឯកសារក្លែងដើម្បីយកដីភាគីម្ខាងទៀត។
មន្ត្រីតុលាការបានឲ្យដឹងថា ប្រធានក្រុមហ៊ុន ACCI (អេស៊ីស៊ីអាយ) ដែលតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) មានឈ្មោះ វ៉ាង ជីងកាង (Wnang Zhigang) ជាជនជាតិចិន។
គួរបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាប់លោក វ៉ាង ជីងកាង ប្រធានក្រុមហ៊ុន ACCI (អេស៊ីស៊ីអាយ) ពាក់ព័ន្ធករណីក្លែងឋានៈតំណាងឲ្យក្រុមហ៊ុនវិនិយោគមួយនៅខេត្តកំពត បញ្ជូនទៅសាលាដំំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដើម្បីចាត់វិធាមការតាមច្បាប់។ ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីលោក វង យ៉ានអ៊ី ប្រធានក្រុមហ៊ុន Today Devrlobment បានដាក់ពាក្យបណ្តឹងទៅនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការប៉េអឹមលើផ្ទៃប្រទេស កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។ លុះរហូតមកដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ត្រូវបានកម្លាំងប៉េអឹមលើផ្ទៃប្រទេសចាប់ខ្លួនតែម្តង។
ឈ្មោះ វ៉ាង ជីងកាង (Wnang Zhigang) បានក្លែងឋានៈជាប្រធានក្រុមហ៊ុន Today Bokor Develobment Co., Lld . ហើយបានធ្វើលិខិតប្រគល់សិទ្ធិទៅឲ្យបុគ្គលម្នាក់ទៀត កាលពីខែសីហា ឆ្នាំ២០២១ ដើម្បីឲ្យការពារដីក្រុមហ៊ុន។ បន្ទាប់ពីបែកការ និងរឿងនេះដឹងដល់ឈ្មោះ វង យ៉ានអ៊ី ប្រធានក្រុមហ៊ុន Today Bokor Devrlobment ក៏បានប្តឹងទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយៈ CEN

