ភ្នំពេញ ៖ព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានថ្លែងឱ្យដឹងថា÷កាលពីវេលាម៉ោង ០០ និង ៣៥ នាទីយប់ ឈានចូលថ្ងៃទី ១៣ ខែ-ឆ្នាំដដែល មានករណី ឃាតកម្ម កើតឡើងស្ថិតក្នុងភូមិ ខោស ឃុំ ទំរីង ស្រុក សណ្ដាន់ ជនរងគ្រោះឈ្មោះ យ៉េង ឡៃហួយ ភេទ ស្រី អាយុ ៣៣ ឆ្នាំ មុខរបរ អាជីវករ (លក់ខោអាវ )។
លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង បន្តថ្លែងឱ្យដឹងថា បន្ទាប់ពីទទួលបានពត៌មានខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំង សហការជាមួយកម្លាំងអធិការស្រុកសណ្ដាន់ និងមានកិច្ចសហការពីកម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើប្រាស់វិធានការជំនាញ រហូតដល់ថ្ងៃទី ១៥ ខែ-ឆ្នាំដដែលយើងឈានដល់ការបង្រ្កាបឃាត់ខ្លួនជនល្មើស ជាឃាតករ នៅភូមិ កំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ឈ្មោះ ពៅ ពិទូ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ដែលបានកាប់ សម្លាប់ប្រពន្ធរបស់ខ្លួន ។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តន៍ច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









