កម្លាំងជំនាញខេត្ត Ha Tinh បានឲ្យដឹងថា កម្លាំងការពារព្រំដែន និងនគរបាលខេត្ត បានសហការគ្នាជាមួយកម្លាំងផ្សេងទៀត ដើម្បីចាប់ខ្លួនបុរសម្នាក់ ដែលដឹកជញ្ជូនមេតំហ្វេតាមីនខុសច្បាប់ ៥ គីឡូក្រាម។
នៅវេលាម៉ោង១៣៖០០នាទី ថ្ងៃទី១០ ខែឧសភា ស្ថិតនៅលើផ្លូវជាតិលេខ១B ក្នុងឃុំ Xuan Linh (ស្រុក Nghi Xuan ខេត្ត Ha Tinh) កម្លាំងការពារព្រំដែន និងប្រឆាំងបទល្មើសគ្រឿងញៀន Ha Tinh នាយកដ្ឋាន PC 04 នាយកដ្ឋាននគរបាលខេត្ត Ha Tinh បានសម្របសម្រួល សហការជាមួយប៉ុស្តិ៍ឆ្មាំព្រំដែនច្រកទ្វារអន្តរជាតិ Cau Treo (ឆ្មាំព្រំដែន Ha Tinh) នាយកដ្ឋានប៉ូលីសចរាចរណ៍ ស្រុក Nghi Xuan នាយកដ្ឋានគយខេត្ត Ha Tinh បានស្ទាក់ចាប់រថយន្តមួយគ្រឿងដែលពាក់ផ្លាកលេខ BKS: 37A -271.66 តាមរយៈវិធីបង្កើតការកកស្ទះចរាចរណ៍។
ពេលរថយន្តនោះ មកដល់ទីតាំងស្ទះចរាចរណ៍ រថយន្តជាច្រើនគ្រឿងរបស់ក្រុមការងារពិសេស បានបើកចូលមកដល់ភ្លាមៗ ហើយប៉ូលីសប្រដាប់ដោយកាំភ្លើងជ្រោងច្រាង បានឡោមព័ទ្ធរថយន្តនោះ ដើម្បីធ្វើការឆែកឆេរ។ អ្នកបើកបរមានឈ្មោះ Hoang Nghia Hung អាយុ ៥០ ឆ្នាំ (រស់នៅក្នុងសង្កាត់ Le Loi ក្រុង Vinh ខេត្ត Nghe An)។
តាមការចុះត្រួតពិនិត្យ កម្លាំងជំនាញបានរកឃើញនៅខាងក្រោយគូទរថយន្តមានថង់ពណ៌ត្នោតខាងក្នុងផ្ទុកថ្នាំញៀនចំនួន ៥ កញ្ចប់ ទម្ងន់៥គីឡូក្រាម។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដឹកជញ្ជូនគ្រឿងញៀនខាងលើ ទៅឱ្យជនជាតិឡាវម្នាក់ ហើយនាំយកទៅខេត្ត Nghe An ដើម្បីប្រើប្រាស់។
ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







