Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធារណការ ៖ មានអ្វីចង់សួរឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពាក់ព័ន្ធនឹងយានយន្តអគ្គិសនី(EV) នៅកម្ពុជាដែរឬទេ?

spot_img

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែឧសភានេះ កម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW នឹងប្រព្រឹត្តទៅក្រោមវត្តមានដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើប្រធានបទ “ការប្រើប្រាស់យានយន្តអគ្គិសនី(EV) នៅកម្ពុជា” ។

បងប្អូនប្រជាពលរដ្ឋអាចចោទជាសំណួរមកកាន់កម្មវិធី ដោយទម្លាក់សំណួរចូលក្នុងខមិន(Comment) ខាងក្រោម ដើម្បីជ្រើសរើសមកឆ្លើយតបជូន ក្នុងកម្មវិធីផ្សាយផ្ទាល់នេះ។

សូមរង់ចាំតាមដានទស្សនាកម្មវិធីផ្សាយផ្ទាល់នេះ ដើម្បីទទួលបាននូវព័ត៌មានថ្មីៗពាក់ព័ន្ធទៅនឹងការប្រើប្រាស់យានយន្តអគ្គិសនី(EV) ព្រមទាំងវឌ្ឍនភាពការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ចូន។

ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៥០ ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន
បានថ្លែងកត់សម្គាល់ផងដែរអំពីកំណើននៃការចុះបញ្ជីយានយន្តអគ្គិសនីចំនួន៧០០%ក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២២ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញជំនឿយ៉ាងមុតមាំថាការប្រើប្រាស់យានយន្ដ ម៉ូតូ និងម៉ូតូកង់បីដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងច្រើននៅក្នុងពេលអនាគតនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនីត្រូវបានដំឡើងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើនអំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួនលើការប្រើប្រាស់យានយន្ដអគ្គិសនី។

ក្រសួង ក៏មានបំណងបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីសិក្សាបន្ថែម និងអភិវឌ្ឍន៍គោលនយោបាយជាតិទូលំទូលាយមួយ ស្ដីពីយានយន្តអគ្គិសនី ហើយបច្ចុប្បន្ននេះអង្គការUNDP កំពុងជួយជ្រោមជ្រែងដល់ក្រសួង ក្នុងការបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ការដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅទូទាំងប្រទេស។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថាដើម្បីជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមទៀត ក្រសួងបានធ្វើការជាមួយក្រុមហ៊ុន Energy Lab និងក្រុមហ៊ុនGIZ ដើម្បីដាក់តាំងបង្ហាញយានយន្ត និងម៉ូតូអគ្គិសនីនៅចំណតយានយន្តទីស្ដីការក្រសួង និងបានបើកសម្ពោធឱ្យប្រើប្រាស់ ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកដំបូង ដែលផ្ដល់ដោយអង្គការUNDPនៅទីស្តីការក្រសួងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ហើយក្រសួងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកទី ២ដែលផ្ដល់ដោយអង្គការ UNDPនៅក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃស្អែក។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនកាល់តិចដែលបានវិនិយោគនៅកម្ពុជា ក្នុងទិសដៅពង្រីកស្ថានីយផ្តល់សេវារបស់ខ្លួនឱ្យបាន១០០ស្ថានីយក្នុងរយៈពេល៣ឆ្នាំបន្ទាប់ និងដែលបានចូលរួមចំណែកនៅ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ និងបានជូនពរឱ្យក្រុមហ៊ុនទទួលបានជោគជ័យថ្មីៗបន្ថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើធុរកិច្ចរបស់ខ្លួននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់អាមេរិកជាច្រើនបន្ថែមទៀត មកវិនិយោគនៅកម្ពុជា ដើម្បីកសាងអនាគតកម្ពុជា កាន់តែភ្លឺស្វាងបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×