Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ៖ វិស័យមូលបត្រដែលរីកចម្រើន នឹងផ្តល់នូវប្រភពទុនមួយដែលមិនចេះរីងស្ងួត សម្រាប់ម្ចាស់អាជីវកម្មជាទូទៅ ហើយបង្កើតឡើងនូវប្រភពចំណូលមួយ សម្រាប់បុគ្គល និងតួអង្គសេដ្ឋកិច្ចផ្សេងទៀត

spot_img

ភ្នំពេញ ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្លែងក្នុង សន្និសីទជាតិស្ដីពីទីផ្សារមូលបត្រកម្ពុជា “មួយទស្សវត្សរ៍នៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និង ដំណើរឆ្ពោះទៅមុខ” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ សម្រាប់វិស័យមូលបត្រនៅកម្ពុជា ។

ឆ្លៀតឱកាសនេះផងដែរ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្ដែងការអបអរសាទរ ចំពោះថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រកម្ពុជា និង ផ្សារមូលបត្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងពុះពារជម្នះរាល់ឧបសគ្គ ដើម្បីអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ឱ្យមាន ការរីកចម្រើនគួរឱ្យកត់សម្គាល់ដូចសព្វថ្ងៃ និងរំពឹងថា នឹងមានការរីកចម្រើនកាន់តៃខ្លាំងក្លាថែមទៀត នាពេលអនាគត ។

តាមទ្រឹស្តីសេដ្ឋកិច្ច, វិស័យមូលបត្រអាចចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការកៀរគរ និង បែងចែកមូលធន ពីភ្នាក់ងារសេដ្ឋកិច្ចដែល មានសមត្ថភាពហិរញ្ញប្បទាន (មានន័យថា មានលទ្ធភាពសន្សំប្រាក់) ជូនទៅភ្នាក់ងារ សេដ្ឋកិច្ច ដែលមានតម្រូវការហិរញ្ញប្បទាន ។ វិស័យមូលបត្រដែលរីកចម្រើន នឹងផ្តល់នូវប្រភពទុនមួយដែលមិនចេះរីងស្ងួត សម្រាប់ម្ចាស់អាជីវកម្មជាទូទៅ ហើយបង្កើត ឡើងនូវប្រភពចំណូលមួយ សម្រាប់បុគ្គល និង តួអង្គសេដ្ឋកិច្ចផ្សេងទៀត ដែលអាច ធ្វើពិពិធកម្មខ្ទង់វិនិយោគរបស់ខ្លួនបានកាន់តែប្រសើរ ។

ក្នុងន័យនេះ, គម្រោងអភិវឌ្ឍន៍ទីផ្សារមូលបត្រនៅកម្ពុជា បានចាប់ផ្ដើមក្រោមគំនិត ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានចាត់ឱ្យមានការបង្កើតក្រុមការងារ នៃក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីសិក្សាអំពីលទ្ធភាពនៃការបង្កើតទីផ្សារមូលបត្រនេះឡើង នៅក្នុងឆ្នាំ ២០០៦ ហើយត្រូវបានដឹកនាំផ្ទាល់ដោយ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ តែជារួម, វិស័យ មូលបត្រនៅកម្ពុជា ត្រូវបានសន្មតថា បានចាប់ផ្តើមបដិសន្ធិឡើង ជាមួយនឹងការដាក់ ឱ្យប្រើនូវច្បាប់ស្តីពីការបោះផ្សាយ និង ជួញដូរមូលបត្រមហាជន ក្នុងឆ្នាំ ២០០៧ និង ការដាក់ឱ្យដំណើរការនូវ គណៈកម្មការមូលបត្រកម្ពុជា ក្នុងឆ្នាំ ២០០៨ និង តួអង្គនានា ក្នុងវិស័យមូលបត្រជាបន្តបន្ទាប់ ។ ហើយផ្សារមូលបត្រកម្ពុជាវិញ ត្រូវបានបង្កើតឡើង ក្រោមរូបភាពជាក្រុមហ៊ុនចម្រុះរដ្ឋ រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋ កិច្ច និង ហិរញ្ញវត្ថុ និង ក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ ក្នុងឆ្នាំ ២០១០ និង បានបើកដំណើរ ការជួញដូរមូលបត្រជាលើកដំបូងនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១២ ជាមួយនឹងការ ចុះបញ្ជីជួញដូរមូលបត្ររបស់សហគ្រាសសាធារណៈចំនួនមួយ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ។

ដើម្បីអភិវឌ្ឍវិស័យមូលបត, រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាសេនាធិការ តែងយកចិត្តទុកដាក់គាំទ្រវិស័យមួយនេះ តាមរយៈការលើកទឹកចិត្តពន្ធដារសម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និង វិនិយោគិន, ការយកចិត្ត ទុកដាក់ការពារផលប្រយោជន៍របស់សាធារណជន និង ការរៀបចំបទប្បញ្ញត្តិដែលមាន លក្ខណៈអំណោយផល ដល់សកម្មភាពមូលបត្រជាដើម ។ រាជរដ្ឋាភិបាលនឹងនៅបន្ត ការយកចិត្តទុកដាក់នេះ ក៏ដូចជាការគិតគូរអំពីយន្តការនានាបន្ថែម ដើម្បីឱ្យទីផ្សារមួយ នេះ អាចបំពេញតួនាទីបែងចែកមូលធនរបស់ខ្លួន កាន់តែទូលំទូលាយ និង កាន់តែមាន ប្រសិទ្ធភាពខ្ពស់ ។

ពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកពន្ធដារ, រាជរដ្ឋាភិបាលបានផ្ដល់ការលើកទឹកចិត្ត ជាការកាត់បន្ថយពន្ធលើប្រាក់ចំណូល សម្រាប់សហគ្រាសដែលចុះបញ្ជីលក់មូលបត្រ, ទាំងមូលបត្រកម្មសិទ្ធិ និង មូលបត្របំណុល, និង កាត់បន្ថយពន្ធកាត់ទុកលើការប្រាក់ លើភាគលាភ និង លើការប្រាក់ពាក់ព័ន្ធនឹងមូលបត្របំណុល តាំងពីទីផ្សារមូលបត្រកម្ពុជា បានចាប់ផ្តើមដំណើរការដំបូង ក្នុងឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន និង នៅតែបន្តការ លើកទឹកចិត្តបែបនេះ រហូតទាល់តែឈានដល់កម្រិតអភិវឌ្ឍដែលអាចទទួលយកបាន ។

រាជរដ្ឋាភិបាល ក៏គ្រោងនឹងចាប់ផ្ដើមបោះផ្សាយមូលបត្ររដ្ឋក្នុងឆ្នាំ ២០២២ នេះ ដើម្បីបង្កើតនូវប្រភពហិរញ្ញប្បទានមួយថ្មី សម្រាប់ការកៀរគរទុនរបស់រដ្ឋ ក៏ដូចជាដើម្បី បង្កើតឧបករណ៍ហិរញ្ញវត្ថុថ្មី សម្រាប់វិនិយោគិននៅក្នុងទីផ្សារមូលបត ជាពិសេស វិនិយោគិនស្ថាប័នដូចជា ធនាគារ, ក្រុមហ៊ុនធានារ៉ាប់រង, មូលនិធិសោធនិវត្តន៍, មូលនិធិ សន្តិសុខសង្គម ជាដើម ។ ឧបករណ៍ហិរញ្ញវត្ថុថ្មី រំពឹងថានឹងទទួលបានការពេញនិយម សម្រាប់ការជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា និង ផ្តល់នូវទិន្នន័យ Benchmark សម្រាប់ ការជួញដូរមូលបត្រសាជីវកម្ម និង ការវិភាគហិរញ្ញវត្ថុនានា ដូចត្រូវបានអនុវត្តនៅក្នុង ប្រទេសដែលមានវិស័យមូលបត្ររីកចម្រើន ។

ម្លប់នៃសន្តិភាព ក្នុងរយៈពេលជាងពីរទស្សវត្សរ៍កន្លងមក គឺជាសមិទ្ធផលមិនអាច កាត់ថ្លៃបាន ដែលត្រូវបាននាំមកជូនប្រជាជន និង ប្រជាជាតិរបស់យើងដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្រៅពីការកសាងសមិទ្ធផលរូបវន្តជាច្រើនឥតគណនា, រាជរដ្ឋាភិបាលក៏បាន និងកំពុង បន្តខិតខំរៀបចំ និង ដាក់ចេញនូវគោលនយោបាយ និង វិធានការជាបន្តបន្ទាប់ ដើម្បី ដោះស្រាយរាល់បញ្ហាប្រឈមនានា, ទាំងក្នុងផ្នែកសេដ្ឋកិច្ច និងសង្គម, សំដៅធានាឱ្យបាននូវភាពអំណោយផលនៃបរិយាកាសធុរកិច្ច និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសម្រាប់ទាក់ទាញ វិនិយោគ និង ពាណិជ្ជកម្ម ជាពិសេស សំដៅពន្លឿនការធ្វើ ពិពិធកម្ម និង ពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជា តែង ចាត់ទុកវិស័យឯកជនជាដៃគូមិនអាចខ្វះបានរបស់ខ្លួន ។ ក្នុងន័យនេះ, បន្ថែមលើយន្តការ ផ្សារមូលបត្រដែលជាកម្មវត្ថុនៃសន្និសីទនៅថ្ងៃនេះ, គំនិតផ្តួចផ្តើមជាច្រើនទៀត ត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់វិស័យឯកជន មានជាអាទិ៍ ការបង្កើត មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ដើម្បីជួយគាំទ្រដល់អាជីវកម្មបង្កើតថ្មីនានា, ការបង្កើតធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា និង ការដាក់ឱ្យដំណើរការ «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និង មធ្យម”, ជាពិសេស ការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ដើម្បីធ្វើឱ្យប្រសើរឡើងនូវភាព ងាយស្រួលក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ។

ជាការពិតណាស់, យើងបានឈានដល់ស្ថានភាពធូរស្បើយពីការរីករាលដាលន ជំងឺកូវីដ-១៩ តាមរយៈវិធានការនានា ជាពិសេស គោលនយោបាយជាតិវ៉ាក់សាំងប្រឆាំង ជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និង ការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ, ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ, ម៉ត់ចត់, ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាហេតុធ្វើឱ្យកម្ពុជាអាចបើកដំណើរការ សង្គម និង សេដ្ឋកិច្ច បានពេញលេញឡើងវិញលើគ្រប់វិស័យ ។ ទោះជាយ៉ាងនេះក្តី, ការលេចឡើងនូវវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីៗជាបន្តបន្ទាប់, សង្គ្រាមពាណិជ្ជកម្ម និង បច្ចេកវិទ្យា និង ភាពកាន់តែតានតឹងនៃភូមិសាស្ត្រនយោបាយ ជាពិសេស សង្គ្រាមរវាង រុស្ស៊ី និង អ៊ុយក្រែន គឺជាហានិភ័យចំពោះមុខ ដែលបាន និងកំពុងនាំមកនូវបច្ច័យ អវិជ្ជមានយ៉ាងស្រួចស្រាល និង បន្តដាក់សម្ពាធលើមាគ៌ាងើបឡើងវិញ (Recovery pathway) នៃសេដ្ឋកិច្ចសកល តាមរយៈការបង្អាក់នូវដំណើរការតំណភ្ជាប់សំខាន់ៗន ខ្សែច្រវ៉ាក់ផលិតកម្មសកល និង ការកើនឡើងនូវថ្លៃថាមពល ដែលជាលទ្ធផលបង្កឱ្យ មានការកើនឡើងនូវថ្លៃទំនិញគ្រប់ប្រភេទ ។

ស្ថិតក្នុងបរិការណ៍នេះ, រាជរដ្ឋាភិបាលបន្តប្ដេជ្ញាជំរុញពន្លឿនវឌ្ឍនភាពនៃការអនុវត្ត ការដ្ឋានកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ឱ្យកាន់តែរឹងមាំ និង មានភាពធន់ទៅនឹងវិបត្តិនាពេលអនាគត ជាពិសេស ឆ្លើយតបបានទាន់ពេល ទៅនឹងនិន្នាការសំខាន់ៗ និង ការវិវឌ្ឍយ៉ាងឆាប់រហ័សនៃព្រឹត្តិការណ៍នានា ក្នុងតំបន់ និង សកល ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយនឹងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ ២០២១-២០២៣» ក្នុងគោលបំណងស្ដារសេដ្ឋកិច្ចកម្ពុជា ក្នុងពេលចំពោះមុខ និង ក្នុងរយៈពេលមធ្យម ឱ្យត្រលប់ទៅរកមាគ៌ានៃកំណើនរបស់ខ្លួន និង ពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាប័ន្ន ក្នុងរយៈពេលវែង ដែលក្នុងនោះបានគូសរំលេចអំពីសារៈសំខាន់នៃការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ក្នុងវិស័យសាធារណៈ និង ឯកជន ដើម្បីជំរុញល្បឿននៃការ ស្ដារសេដ្ឋកិច្ចជាតិឱ្យបានលឿន និង ឆាប់រហ័សផងដែរ ។

ជាមួយនឹងការកត់សម្គាល់លើការវិវត្តខ្លួនរបស់ផ្សារមូលបត្រកម្ពុជា និងវឌ្ឍភាព សំខាន់ៗក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ដូចដែលឯកឧត្តម ហុង សុហួរ និង ឯកឧត្តម ស៊ូ សុជាតិ បានរាយការណ៍, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនសំដៅពន្លឿន និង ពង្រឹងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ដូចខាងក្រោម៖

ទី១. បន្តបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀត តាមរយៈយន្តការ និង មធ្យោបាយថ្មីៗនៃបច្ចេកវិទ្យា អំពីអត្ថប្រយោជន៍ទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ឱ្យក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ជាពិសេស ការលើកទឹកចិត្តផ្នែក ពន្ធដារសម្រាប់វិស័យមូលបត្រ និង ការអនុគ្រោះបំណុលពន្ធចំពោះក្រុមហ៊ុនដែល បោះផ្សាយ និង ចុះបញ្ជីលក់មូលបត្រជាសាធារណៈ ។

ទី២. ពិនិត្យ និង ចាប់យកនូវកាលានុវត្តភាពថ្មីនៃប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បី ពន្លឿនការអភិវឌ្ឍទីផ្សា តាមរយៈការធ្វើឌីជីថលភាវូនីយកម្មលើយន្តការរបស់ទីផ្សារ មូលបត្រកម្ពុជា និង របស់និយ័តករមូលបត្រកម្ពុជា សំដៅផ្តល់ភាពងាយស្រួល និង ភាពឆាប់រហ័ស តែអាចគ្រប់គ្រងបាន សម្រាប់វិនិយោគិន និង ក្រុមហ៊ុនចុះបញ្ជី ព្រមទាំង ការក្ដាប់យកឱកាសនៃការអភិវឌ្ឍលឿននៃប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុសម្រាប់ទីផ្សារ និង ការពង្រីកសេវាកម្មរបស់ផ្សារមូលបត្រកម្ពុជា ទៅក្រុមហ៊ុនមិនទាន់ចុះបញ្ជីផងដែរ ដូចជាយន្តការរក្សារទុកមូលបត្រជាដើម ។

ទី៣. គិតគូររៀបចំជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៃទីផ្សារមូលបត្រ នូវសកម្មភាព លម្អិត ក្នុងបរិការណ៍នៃស្ថានភាពសេដ្ឋកិច្ចសកលបច្ចុប្បន្ន ព្រមទាំងស្ថានភាពវិវត្តលឿន នៃបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ សម្រាប់ការអភិវឌ្ឍទីផ្សារមូលបត្រ ១០ ឆ្នាំទៅមុខទៀត តាមរយៈការរៀបចំ និង ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្ររយៈ ពេល ១០ ឆ្នាំ ដែលខ្ញុំបានណែនាំរួចហើយទៅនិយ័តករមូលបត្រកម្ពុជា ឱ្យដឹកនាំរៀបចំ ការងារនេះ ។

ជាមួយគ្នានេះ,ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខា ធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រ កម្ពុជា ដឹកនាំសម្របសម្រួលជាមួយគ្រប់តួអង្គពាក់ព័ន្ធ និង យកចិត្តទុកដាក់លើចំណុច ដែលខ្ញុំបានលើកឡើងខាងលើនេះ ដើម្បីធ្វើឱ្យឃើញប្រត្យក្សនៃការរីកលូតលាស់ខ្លាំងក្លា នៃផ្សារមូលបត្រកម្ពុជាក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ ។

ការអភិវឌ្ឍវិស័យមូលបត្រទាមទារនូវពេលវេលា និង ការចូលរួមពីគ្រប់តួអង្គទាំង អស់ទាំងវិស័យសាធារណៈ និង វិស័យឯកជន, ដូច្នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា គ្រប់ តួអង្គទាំងអស់នឹងសហការជាមួយផ្សារមូលបត្រកម្ពុជា និង និយ័តករមូលបត្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍទីផ្សារនេះជាបន្តទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារ ព្រមទាំងច្បាប់ និង បទប្បញ្ញត្តិជាធរមាន៕ រក្សាសិទ្ធិដោយ​៖ សុទ្ធ លី

spot_img
×