Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ គ្រោងបោះផ្សាយមូលបត្រ នៅឆ្នាំ២០២២នេះ ដើម្បីបង្កើតឧបករណ៍ហិរញ្ញវត្ថុថ្មី សម្រាប់វិនិយោគិននៅក្នុងទីផ្សារមូលបត្រ

spot_img

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចាប់ផ្ដើមបោះផ្សាយមូលបត្ររដ្ឋ នៅឆ្នាំ២០២២នេះ ដើម្បីបង្កើតនូវប្រភពហិរញ្ញប្បទានមួយថ្មី សម្រាប់ការកៀរគរទុនរបស់រដ្ឋ ក៏ដូចជាដើម្បីបង្កើតឧបករណ៍ហិរញ្ញវត្ថុថ្មី សម្រាប់វិនិយោគិននៅក្នុងទីផ្សារមូលបត្រ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅក្នុងសន្និសីទជាតិស្តីពីទីផ្សារមូលបត្រកម្ពុជា «មួយទសវត្សរ៍នៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងដំណើរឆ្ពោះទៅមុខ» នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២ បានបញ្ជាក់ថា ឧបករណ៍ហិរញ្ញវត្ថុថ្មី រំពឹងថា នឹងទទួលបានការពេញនិយម សម្រាប់ការជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា និងផ្ដល់នូវទិន្នន័យ Benchmark សម្រាប់ការជួញដូរមូលបត្រសាជីវកម្ម និងការវិភាគហិរញ្ញវត្ថុនានា ដូចត្រូវបានអនុវត្តនៅក្នុងប្រទេសដែលមានវិស័យមូលបត្ររីកចម្រើន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងទៀតថា រាជរដ្ឋាភិបាល បានផ្ដល់ការលើកទឹកចិត្ត ជាការកាត់បន្ថយពន្ធលើប្រាក់ចំណូល សម្រាប់សហគ្រាស ដែលចុះបញ្ជីលក់មូលបត្រ, ទាំងមូលបត្រកម្មសិទ្ធិ និង មូលបត្របំណុល, និងកាត់បន្ថយពន្ធកាត់ទុកលើការប្រាក់លើភាគលាភ និងលើការប្រាក់ពាក់ព័ន្ធ នឹងមូលបត្របំណុល តាំងពីទីផ្សារមូលបត្រកម្ពុជា បានចាប់ផ្ដើមដំណើរការដំបូង ក្នុងឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន និងនៅតែបន្តការលើកទឹកចិត្តបែបនេះ រហូតទាល់តែឈានដល់កម្រិតអភិវឌ្ឍន៍ដែលអាចទទួលយកបាន។

ផ្សារមូលបត្រកម្ពុជា ​CSX បានបើកដំណើរការ ជួញដូរមូលបត្រ ជាលើកដំបូង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ ជាមួយនឹងការចុះបញ្ជីជួញដូរមូលបត្ររបស់សហគ្រាសសាធារណៈចំនួនមួយ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប៉ុន្តែបច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន ១៦ហើយ បានចុះបញ្ជី ក្នុងនោះក្រុមហ៊ុនចំនួន ៩ បោះផ្សាយលក់ប័ណ្ណភាគហ៊ុន និង ៧ក្រុមហ៊ុនជួញដូរមូលបត្របំណុល។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល ១០ឆ្នាំមកនេះ វិស័យមូលបត្រកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងចំនួនក្រុមហ៊ុនបញ្ជី និងទំហំនៃការជួញដូរ ជាពិសេសចាប់តាំងពីឆ្នាំ ២០១៩មក។

ឯកឧត្តម ហុង សុហួរ បានបន្តថា ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ផ្សារមូលបត្រកម្ពុជា​CSX បានកៀរគរប្រភពទុនបានប្រមាណ ២៨១លានដុល្លារ ពីការជួញដូរ ជាមួយក្រុមហ៊ុនចំនួន ១៦ចូលរួមនៅលើទីផ្សារ ដែលក្នុងនោះ ៩ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និង ៧ក្រុមហ៊ុនលក់ប័ណ្ណបំណុល៕

spot_img
×