កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ គេហទំព័រ appledaily.com បានរាយការណ៍ថា លោក Lian Xianyi ឬ Allen ជាសេដ្ឋីវ័យក្មេងម្នាក់ មកពីកោះតៃវ៉ាន់ ដែលត្រូវបានគេដាក់រហ័សនាមថា «ស្តេច Live Stream» បានធ្វើឲ្យអ្នកលេងអុីនធើរណែត ពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង នៅពេលដឹងមូលហេតុ ដែលគាត់ និងភរិយាមិនរៀបការ បើទោះជាមានលុយច្រើនរាប់មិនអស់ រួមរស់ជាមួយគ្នា ៨ ឆ្នាំ យ៉ាងមានសេចក្តីសុខ និងមានកូន២នាក់ ក៏ដោយ។
ទាក់ទងរឿងនេះ នាង Shi Payu ឬហៅថា (Nami) បានឆ្លើយតបទៅកាន់លោក Lian ជាប្តីថា នាងមិនត្រូវការប្រណីតភាពហួសហេតុនោះទេ ដោយគ្រាន់តែទៅហាងថតរូបអាពាហ៍ពិពាហ៍ប៉ុណ្ណោះ គឺគ្រប់គ្រាន់ហើយ ព្រោះនាងមិនចង់មានកម្មវិធីជប់លៀងធំដុំគគ្រឹកគគ្រេងនោះទេ ដោយនាងលើកហេតុផលបែបនេះថា បើត្រូវចំណាយលុយច្រើនដើម្បីរៀបចំពិធីមង្គលការនោះគួរណាស់យកលុយទៅវិនិយោគរកស៊ីទិញផ្ទះទុកជួលប្រសើរជាជាង។
Lian បានចែករំលែកឲ្យដឹងថា នៅពេលពួកគេណាត់គ្នាដំបូង គាត់បានបើករថយន្ត Porsche ទៅយក Nami ហើយប្រាប់នាងថា បើយើងទៅញ៉ាំអាហារជាមួយគ្នា យើងអាចជ្រើសរើសភោជនីយដ្ឋានតម្លៃថ្លៃ។ ប៉ុន្តែ នៅពេលនោះ ស្រាប់តែ Nami បានបដិសេធ ហើយនិយាយថា មិនចាំបាច់ទៅភោជនីយដ្ឋានថ្លៃៗទេ យើងមិនគួរហួសហេតុពេកទេ យកល្អទៅភោជនីយដ្ឋានធម្មតា ហើយញ៉ាំអាហារជាមួយគ្នាទៅ។
Lian បន្តឲ្យដឹងថា អ្វីដែលមិននឹកស្មានទៀតនោះ គឺបន្ទាប់ញ៉ាំអីៗជាមួយគ្នារួច នៅពេលទៅរកសណ្ឋាគារដើម្បីសម្រាក ហើយគាត់ឱ្យ Nami ជ្រើសរើសសណ្ឋាគារ ប៉ុន្តែបែរជានាងជ្រើសរើសសណ្ឋាគារកម្រិតមធ្យមទៅវិញ។
ដោយសារតែភរិយាប្រយ័ត្នប្រយែងក្នុងការចំណាយ គាត់ក៏បានប្រគល់សិទ្ធិឱ្យភរិយាគ្រប់គ្រងអចលនទ្រព្យ និងការវិនិយោគទាំងអស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






