យន្តហោះទំលាក់គ្រាប់បែកដ៍មានអនុភាពរបស់អាមេរិច បានធ្វើការហោះហើរលើឧបទ្វីបកូរ៉េកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីចូលរួមធ្វើសមយុទ្ធជាមួយនឹងយន្តហោះចំបាំងរបស់ជប៉ុន និងកូរ៉េខាងត្បូង តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតីអាមេរិច មកតំបន់អាស៊ី។
យន្តហោះទំលាក់គ្រាប់បែកប្រភេទ B-1B Lancer ដែលមានល្បឿនលឿនជាងសម្លេង បើហោះលើតំបន់ ហើយវត្តមានរបស់វាតែងតែធ្វើឲ្យកូរ៉េខាងជើងខឹងសម្បារយ៉ាងខ្លាំង ហើយរបបកុម្មុនិស្តនេះ បានថ្កោលទោសការធ្វើសមយុទ្ធនោះ និងបានហៅថាជាការសម្លុតខ្លួន នៅព្រឹកថ្ងៃសុក្រនេះ។
យន្តហោះទំលាក់គ្រាប់បែកអាមេរិច ២គ្រឿងបានហោះចេញពីមូលដ្ឋានទ័ពអាកាស (Andersen Air Force Base) នៅកោះក្វាម (Guam) និងបានចូលរួមដោយយន្តហោះចំបាំងជប៉ុន។ នេះបើតាមកងកំលាំងទ័ពអាកាសប៉ាស៊ីភិចរបស់អាមេរិច បាននិយាយនៅក្នុងសេចក្តីប្រកាស។
យន្តហោះទំលាក់គ្រាប់បែកនោះក៍បានហោះកាត់កូរ៉េខាងជើង ដើម្បីចូលរួមជាមួយយន្តហោះកូរ៉េខាងត្បូងនៅសមុទ្រលឿង ហើយក្រោយមកក៍បានហោះទៅកាន់មូលដ្ឋានរៀងៗខ្លួន។
ជាទម្លាប់ កូរ៉េខាងជើងតែងតែថ្កោលទោសចំពោះវត្តមានរបស់យន្តហោះទំលាក់គ្រាប់បែកអាមេរិច រាល់ពេលដែលបានចូលរួមធ្វើសមយុទ្ធ ដែលកូរ៉េខាងជើងហៅការសមនោះថាជាការវាយប្រហារ។ នៅថ្ងៃសុក្រនេះដែរ ភ្នាក់ងារសារព៌តមានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា “ការពិតបានបង្ហាញ់យ៉ាងច្បាស់ថា ជើងកាងដូចជាចក្រពន្តិនិយមអាមេរិចនេះ គឺជាអ្នកដែលធ្វើឲ្យស្ថានភាពកាន់តែក្តៅនៅឧបទ្វីបកូរ៉េ និងកំពុងអុជអាលឲ្យមានសង្គ្រាមនុយក្លេអ៊ែរ”៕ ដោយ ៖ សុភ័ក្ត្រ