Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសាភិបាលរង ស៊ុំ សន្និសិទ្ធ ៖ ជំនួយបច្ចេកទេសរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងការតាមដានសុខភាពសេដ្ឋកិច្ចកម្ពុជា

spot_img

ភ្នំពេញ ៖ ឯកឧត្តម Kenji Okamura អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៦ និង១៧ ខែឧសភា ឆ្នាំ២០២២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលនិធិរូបិយវត្ថុអន្តរជាតិនិងកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម ទេសាភិបាលរង ស៊ុំ សន្និសិទ្ធ បានគូសបញ្ជាក់ថា ជំនួយបច្ចេកទេសរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានបន្តដើរតួនាទីយ៉ាងសំខាន់ ទាំងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន ព្រមទាំងបានពង្រឹងការតាមដានសុខភាពសេដ្ឋកិច្ចកម្ពុជា ។

ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម Kenji Okamura បានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ឯកឧត្តមបានសម្តែងការរីករាយ ដែលបានមកបំពេញបេសសកម្មលើកទី១ នៅក្រៅប្រទេស ចាប់តាំងបានចូលកាន់តំណែងមក។

ឯកឧត្តម បានសម្តែងការកោតសរសើរចំពោះវិធានការគ្រប់គ្រង់ការរាលដាលជំងឺកូវី-១៩ នៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគាំទ្រសេដ្ឋកិច្ចនិងសង្គម របស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា។
ឯកឧត្តម ស៊ុំ សន្និសិទ្ធ បានជម្រាបជូនឯកឧត្តម Kenji Okamura ពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានផ្តល់ការគាំទ្រ ជាពិសេសផ្តល់ជំនួយបច្ចេកទេស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យធនាគារនៅកម្ពុជា ចាប់តាំងពីដើមទស្សវត្សរ៍ឆ្នាំ១៩៩០ មក។ ឯកឧត្តម ទេសាភិបាលរង ក៏បានគូសបញ្ជាក់ផងដែរថា ជំនួយបច្ចេកទេសរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានបន្តដើរតួនាទីយ៉ាងសំខាន់ ទាំងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន ព្រមទាំងបានពង្រឹងការតាមដានសុខភាពសេដ្ឋកិច្ចកម្ពុជា ជាប្រចាំ។

ជាការឆ្លើយតប ឯកឧត្តម Kenji Okamura បានបង្ហាញភាពសប្បាយរីករាយដែលបានឃើញពីអត្ថប្រយោជន៍នៃជំនួយបច្ចេកទេសរបស់មូលនិធិរូបិយវត្ថុអន្តរជាតិចំពោះកម្ពុជា និងការបង្ហាញជំហរគាំទ្ររបស់មូលនិធិរូបិយវត្ថុអន្តរជាតិសម្រាប់ការអភិវឌ្ឍកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសទស្សនកិច្ចនេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម Kenji Okamura បានចូលរួមក្នុងកិច្ចប្រជុំបញ្ចប់បេសកកម្មពិគ្រោះពិភាក្សា របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់ IMF ដែលបានធ្វើឡើងនៅកម្ពុជាចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។
ជាថ្មីម្តងទៀត ឯកឧត្តម Kenji Okamura ក៏សម្តែងការអបអរសាទរចំពោះការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជាកាលពីឆ្នាំ២០២១ កន្លងមក និងទស្សនវិស័យវិជ្ជមានចំពោះកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២និង២០២៣។

លោក Alasdair Scott បានរំលេចថា សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញក្នុងល្បឿនលឿនជាងការរំពឹងទុក ដោយសារ៖ i/-ការបើកសេដ្ឋកិច្ចនិងប្រទេសឡើងវិញបានឆាប់រហ័សដែលអំណោយផលដល់វិស័យទេសចរណ៍និងសកម្មភាពសេដ្ឋកិច្ច ii/-កំណើនលឿននៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ iii/-ភាពធន់នៃវិស័យអចលនទ្រព្យជាពិសេសពីតម្រូវការក្នុងស្រុក និង iv/-ការបន្តទទួលការគាំទ្រពីគោលនយោបាយសារពើពន្ធនិងវិធានការម៉ាក្រូហិរញ្ញវត្ថុ។ ទោះយ៉ាងណា កម្ពុជាក៏កំពុងប្រឈមនឹងឥទ្ធិពលជាសកលនៃ៖ i/-វិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែននិងការថយចុះនៃតម្រូវការពីតំបន់អឺរ៉ុប ii/-កំណើនយឺតនៃសេដ្ឋកិច្ចចិនដោយសារគោលនយោបាយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩និងស្ថានភាពវិស័យអចលនទ្រព្យ iii/-កំណើនអតិផរណា ជាពិសេសនៃទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈនិងម្ហូបអាហារ និង iv/-ការដកចេញនូវគោលនយោបាយរូបិយវត្ថុវិត្ថារកម្មលឿនជាងការរំពឹងទុកដោយធនាគារកណ្ដាលនៃប្រទេសផ្សេងៗ។

ជាមួយគ្នានេះ ក្រុមបេសកកម្មបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃគម្រោងកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ បានផ្តល់ដល់ធនាគារជាតិនៃកម្ពុជា។ គម្រោងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពបច្ចុប្បន្ន ជាពិសេសពាក់ព័ន្ធនឹងធនាគារជាតិនៃកម្ពុជា មានដូចជា បទប្បញ្ញត្តិនិងការត្រួតពិនិត្យធនាគារ ប្រតិបត្តិការប្តូររូបិយប័ណ្ណ បទប្បញ្ញត្តិម៉ាក្រូប្រុងប្រយ័ត្ន ការធ្វើស្ត្រេសតេស្ត និងប្រព័ន្ធទូទាត់ជាតិ ជាដើម។
ឯកឧត្តម ទេសាភិបាលរង បានឯកភាពតាមការវាយតម្លៃរបស់ IMF និងបានថ្លែងអំណរគុណចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានផ្តល់ជំនួយបច្ចេកទេសមកធនាគារជាតិនៃកម្ពុជាជាបន្តបន្ទាប់ ដូចជា ផ្តល់ជាជំនាញលើផ្នែកត្រួតពិនិត្យធនាគារនិងអភិវឌ្ឍធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×