Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចនគរបាលជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណី ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា​ ក្រោមរូបភាពវាយម៉ូតូ

រតនគិរី៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងតាមបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី នៅវេលាម៉ោង ១៣:៤០នាទីរសៀល ថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណី ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា ក្រោមរូបភាពវាយម៉ូតូប្រើប្រាស់ដងឆ័ត្រ និងមួកសុវត្ថិភាព ហេតុការណ៍នេះបង្កឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចមុខសាលាវិទ្យាល័យសម្តេចហ៊ុនសែនភូមិថ្មី ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី​ មាស​ ពៅបូរ៉ាស្នងការរង​ គឺក្រោយជនសង្ស័យដែលជាអ្នកដៃដល់បានធ្វើសកម្មភាពរួច​ រយៈពេល៣ម៉ោងក្រោយកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់បានជនសង្ស័យ និងធ្វើការដេញតាមចាប់ឃាត់ខ្លួនបានចំនួន២នាក់ នៅវេលាម៉ោង ១៣:៤០នាទីរសៀល ថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ រឺឯបក្សពួកផ្សំគំនិតចំនួន៣នាក់ផ្សេងទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។ ចំពោះជនសង្ស័យចំនួន២នាក់ ដែលកំពុងត្រូវបានឃាត់ខ្លួនមានភិនភាគ ដូចតទៅ៖ ១.ឈ្មោះ ជា ល័ក្ខ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

២.ឈ្មោះ ភារិន សុខជាតិ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×