ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្ត fordranger មួយគ្រឿងក្នុងល្បឿនលឿន ទាំងបំពានស្តុបក៏ជ្រុលទៅបុ.ករថយន្តហាយឡែនឌ័រ បើកឆ្លងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យប៉ើងទៅចិញ្ចើមផ្លូវ ចំណែកឯរថយន្តបង្ក បន្តទៅបុ.កបង្គោលស្លាកសញ្ញាបា.ក់មួយដើមទៀត។
ហេតុការណ៍គ្រោះចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមកែងនឹងផ្លូវ២១៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីបុរសជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុខ្លួនបានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2P-0809 បើកបរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើខ្លួន បានបើកឆ្លងស្តុបខៀវ ខណៈបើកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តបង្កម៉ាក ford ranger ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2BE-5766 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយ៣នាក់ទៀត បើកតាមតាមបណ្តោយផ្លូវ២១៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ទាំងបំពានស្តុបក្រហមជ្រុលទៅបុ.ករថយន្តហាយឡែនឌ័រ ចំពាក់កណ្តាលទ្វារខាងឆ្វេងយ៉ាងពេញទំហឹង ប៉ើងទៅចិញ្ចើមផ្លូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តបង្កវិញបន្តល្បឿន ទៅបុ.កបង្គោលស្លាកសញ្ញាបា.ក់មួយដើម សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ។

ក្រោយកើតហេតុខាងលើដោយភាគីទាំង២ សម្រួលគ្នាមិនត្រូវក៏សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត








