ភ្នំពេញ ៖ រហូតមកទល់នាពេលនេះព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យឪពុក-ម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារីកា នៅមិនទាន់បាត់ភាពរំជើបរំជួលនៅលើបណ្តាញសង្គមនៅឡើយទេ និងមហាជនដែលបានស្គាល់តារាចម្រៀងស្រីវ័យក្មេងរូបនេះ ដោយពួកគេ ជាពិសេសអ្នកសិល្ប:ជាច្រើនបានបង្ហោះសារសម្តែងភាពតក់ស្លុត និងចូលរួមសោកស្តាយចំពោះការបាត់បង់ឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារីកា។
សុវត្ថិឌី ធារីកា បានស្រែងយំពេញមន្ទីរពេទ្យ ក្រោយពេលឪពុក-ម្តាយរបស់ខ្លួនបានផុតដង្ហើម បន្ទាប់ពីនាំយកចេញពីកន្លែងកើតហេតុ ដែលភ្លាមៗនោះ ក៏ហាក់ដូចជាអស់សង្ឃឹមទៅហើយដែរ ប៉ុន្តែមិនអស់ចិត្តក៏ត្រូវនាំយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ និងទុកលទ្ធភាពឲ្យគ្រូពេទ្យបញ្ជាក់ថាពួកគាត់ (ឪពុក-ម្ដាយ សុវត្តិឌី ធារីកា) នៅមានជីវិត ឬក៏អត់?

សូមបញ្ជាក់ថា ឪពុក-ម្ដាយរបស់តារាចម្រៀងវ័យក្មេងសុវត្ថិឌី ធារីកានេះ បានស្លាប់បាត់បង់ជីវិតខណ:ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលស្នាមភ្លោះដែលមានទឹក កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅស្រុកឆែប ខេត្តព្រះវិហារ, ហើយមូលហេតុនៃការក្រឡាប់រថយន្តនេះគឺបណ្ដាលមកពីកាច់ចង្កូតផ្លូវកោងមិនទាន់ ក៏ជ្រុលទៅធ្លាក់ប្រឡាយទឹកដែលអមសង្ខាងផ្លូវតែម្ដង។
តារាចម្រៀងរូបនេះ បានរៀបរាប់ហេតុការណ៍ខាងលើឲ្យដឹងថា នាងនឹងក្រុមគ្រួសារបានធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ដើម្បីចូលរួមសម្ពោធវេទិកាអុំទូក និងរោងសិល្បការ ស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។
ក្រោយបញ្ចប់ការងាររួច រូបនាង និងក្រុមគ្រួសារបានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ប៉ុន្តែក្នុងពេលនោះនាងបានជិះរថយន្តផ្សេងពីឪពុក-ម្តាយ ប្អូន និងជីដូនរបស់នាង។
នាងបន្តថា មុនពេលកើតហេតុ គឺរថយន្តរបស់នាងបានចូលទៅចាក់សាំងប្រមាណជា៥នាទីប៉ុណ្ណោះ រួចក៏ចេញមកវិញ ក៏ឃើញរថយន្តក្រុមគ្រួសាររបស់នាងជួបហេតុការណ៍ក្រឡាប់នេះតែម្តង គឺរថយន្ដដែលឪពុក-ម្ដាយរបស់នាងធ្វើដំណើរក្នុងនោះ បានក្រឡាប់ធ្លាក់ចូលប្រឡាយទឹក។
បើតាម សុវត្ថិឌី ធារីកា ក្នុងហេតុការណ៍នេះ បានធ្វើឱ្យឪពុកម្តាយរបស់នាងបាត់បង់ជីវិតក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ, ចំណែកឯប្អូនប្រុស និងជីដូនរបស់នាងបានរួចផុតពីគ្រោះថ្នាក់ខាងលើនេះ។
យ៉ាងណា សុវត្ថិឌី ធារីកា ហាក់មិនមានព្រលឹងក្នុងខ្លួនឡើយ ហើយនាងមិនអាចធ្វើអ្វីបានក្រៅពីទ្រហោយំ បន្ទាប់ពីត្រឹមមួយប៉ប្រិចភ្នែកនាងត្រូវបាត់បង់អ្នកមានគុណទាំងពីរបែបនេះ។

ដោយឡែកក្រោយជួបហេតុការណ៍ខាងលើ សពឪពុក-ម្តាយរបស់ សុវត្ថិឌី ធារីកា ក៏ត្រូវបានដឹកយទៅធ្វើបុណ្យនៅវត្តស្ទឹងមានជ័យ នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ លុះព្រឹកឡើង នៅវត្តមានស្ទឹងមានជ័យ គេសង្កេតឃើញមានក្រុមសិល្បករជាច្រើន បានចូលរួមក្នុងពិធីបុណ្យនិងសម្ដែងការសោកស្ដាយរំលែកទុក្ខក្រៀមក្រំដល់ កញ្ញា សុវត្ថិឌី ធារីកា ។
តាមគម្រោង សពឪពុក-ម្តាយ របស់ សុវត្ថិឌី ធារីកា គ្រោងនឹងបូជានៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះ នៅវត្តស្ទឹងមានជ័យតែម្ដង ខណ:ពេលដែលនាងរំពឹងថា ពិធីនេះនឹងមានសាច់ញាតិ ជាពិសេសអ្នកសិល្ប:ច្រើននាក់ចូលរួម៕ រក្សាសិទ្ធិដោយ ៖ សំណាងsv
























