Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល អនុម័តគម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍ កញ្ចប់ថវិកា ១៥០លានដុល្លារ អាចខ្ចីបានខ្ពស់ ការប្រាក់ទាប

spot_img

ភ្នំពេញ ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានប្រកាសជាផ្លូវការឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ដំណើរការជាផ្លូវការ «គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍» ក្នុងកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារអាមេរិក ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs)។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងឲ្យដឹងថា គម្រោងសហហិរញ្ញប្បទាននេះ ជាផ្នែកមួយនៃការគាំទ្រដល់ការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ។

មួយទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា វិស័យទេសចរណ៍កម្ពុជាបានលូតលាស់គួរឱ្យកត់សម្គាល់ ជាមួយនឹងអត្រាកំណើនមធ្យមនៃភ្ញៀវទេសចរអន្តរជាតិប្រមាណ១២% ក្នុងមួយឆ្នាំ និងបានបំពេញតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ សម្រាប់សេដ្ឋកិច្ចកម្ពុជា។

ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩ និងបណ្តាលឱ្យសហគ្រាសជាច្រើន ក្នុងវិស័យនេះកាត់បន្ថយ, ផ្អាក ឬបិទអាជីវកម្មទាំងស្រុងតែម្តង ដែលជាហេតុនាំឱ្យ ប្រជាពលរដ្ឋរាប់សិបម៉ឺននាក់ បានបាត់បង់ការងារ និងប្រាក់ចំណូល។

ឧបនាយករដ្ឋមន្រ្តីដដែលរូបនេះ បញ្ជាក់ថា គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍ មានទំហំទឹកប្រាក់សរុបចំនួន១៥០លានដុល្លារអាមេរិកនេះ បានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុ (PFIs) ចូលរួមចំនួន ៧៥លានដុល្លារអាមេរិក។

គម្រោងនេះផ្តល់អត្រាការប្រាក់៦.៥ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់ ៤០ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់៧ឆ្នាំ, ហើយគម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍នេះ នឹងជួយបង្កលទ្ធភាពដល់ប្រតិបត្តិករទេសចរណ៍នានា ដើម្បីអភិវឌ្ឍអាជីវកម្ម និងកញ្ចប់ទេសចរណ៍របស់ខ្លួន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×