Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជួបប្រជុំកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យកសិកម្ម

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២២ នៅសាលប្រជុំលឿងរាជ មានកិច្ចប្រជុំពិភាក្សាការងារពង្រឹងប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោម អធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការ ប្រធានក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចប្រជុំប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហការី ព្រមទាំងអ្នកពាក់ព័ន្ធ នៃក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម គឹម សុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបានថ្លែងប្រាប់ពីគោលបំណងនៃកិច្ចប្រជុំគឺដើម្បីពង្រឹងការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ឯកឧត្តម គឹម សុន រដ្ឋលេខាធិការ បានថ្លែងបន្ថែមថា កិច្ចប្រជុំថ្ងៃនេះ គឺយើងជជែកពិភាក្សាការងារសំខាន់មានដូចជា ការងាររៀបចំសិក្ខាសាលាអប់រំផ្សព្វផ្សាយពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបណ្តាល មកពីគ្រឿងញៀនដល់គ្រប់អង្គភាពក្រោមឱវាទក្រសួង និងវិស័យឯកជនដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម និងការពង្រឹងកិច្ចសហការ និងការផ្តល់ព័ត៌មានរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ល។

នាឱកាសនោះ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចូលរួមសហការអនុវត្តនូវផែនការ យុទ្ធសាស្រ្តរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវិស័យ កសិកម្ម នាពេលកន្លងមក ហើយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រីករាយនិងផ្តល់កិច្ចសហការជួយដល់ក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ គ្រប់កាលៈទេសៈ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×