Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ាណែត : សាសនា ពិតជាបានដើរតួនាទីសំខាន់ណាស់ នៅក្នុងការអប់រំសីលធម៌សង្គម

ភ្នំពេញៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា សាសនាពិតជាបានដើរតួនាទីសំខាន់ណាស់នៅក្នុងការអប់រំសីលធម៌សង្គម ពីព្រោះការរៀនសូត្រស្វាធ្យាយ និងគោរពបដិបត្តិធម៌នៅក្នុងវត្តអារាម ក៏បាននាំឱ្យមានការផ្សព្វផ្សាយបន្ត និងសាបព្រោះផលវិជ្ជមាននៅតាមខ្នងផ្ទះ និងភូមិស្រុករបស់ប្រជាពលរដ្ឋ ក្នុងរូបភាពជាការបន្តប្រពៃណីដ៏ល្អរបស់ចាស់ទុំព្រឹទ្ធាចារ្យដល់កូនចៅជំនាន់ក្រោយ។

ម្យ៉ាងវិញទៀតការអប់រំផ្នែកពុទ្ធសាសនា ក៏ត្រូវបានបញ្ចូលរួមផ្សំជាមួយនឹងប្រព័ន្ធអប់រំផ្នែកអាណាចក្រ សំដៅធ្វើយ៉ាងណាឱ្យកុលបុត្រ កុលធីតាខ្មែរ ក្លាយជាធនធានមនុស្សពោរពេញដោយសីលធម៌ គុណធម៌ និងសមត្ថភាពបញ្ញាស្មារតីភ្លឺស្វាង ដែលនឹងចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវនៅក្នុងការកសាងភាពសុដុមរមនានៅក្នុងសង្គម និងដំណើរការនៃការអភិវឌ្ឍជាតិ។
ការបញ្ជាក់នេះ នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ក្នុងវត្តគិរីឱសថទឹកជប់ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សាសនាបង្រៀនឱ្យមនុស្សរក្សាធម៌នៅក្នុងខ្លួន ជាពិសេសអ្នកដឹកនាំប្រទេស ដែលជាអ្នកទទួលខុសត្រូវលើជោគវាសនាប្រជាជន រឹតតែត្រូវគោរពប្រតិបត្តិធម៌ឱ្យបានខ្ជាប់ខ្ជួន ដោយហេតុថា ការប្រព្រឹត្តប្រាសចាកពីគន្លងនេះ នឹងនាំមកនូវភាពក្តៅក្រហាយ និងការបំផ្លិចបំផ្លាញជាតិ ដូចដែលធ្លាប់កើតឡើងរួចមកហើយនៅក្នុងរបបប៉ុលពត។ ក្នុងន័យនេះ ប្រទេសតូចធំមិនសំខាន់ សំខាន់គឺកត្តាដឹកនាំ ដែលត្រូវតែជាការដឹកនាំដោយធម៌ និងនៅក្នុងបុព្វហេតុដ៏ស្មោះត្រង់ និងប្រកបដោយពលិកម្ម គឺបម្រើ ការពារ និងសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រប់ដំណាក់កាលទាំងអស់ ដោយមិនរត់ចោលរាស្ត្រទោះនៅក្នុងស្ថានការណ៍វិបត្តិមហន្តរាយធ្ងន់ធ្ងរយ៉ាងណាក្តី។ នេះ គឺជាអ្វីដែលគណបក្សប្រជាជនកម្ពុជា បានធ្វើយ៉ាងជាក់ស្តែងរួចមកហើយនៅក្នុងការដឹកនាំប្រទេសជាង ៤០ ឆ្នាំកន្លងមកនេះ តាមរយៈការសង្គ្រោះអាយុជីវិតចេញពីសង្គ្រាម និងគ្រោះវិបត្តិ, ការលើកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ, ការរួមគ្នាបំពេញបុណ្យកុសល, ការផ្តល់ការអប់រំ និងឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ។ល។ ហើយសម្រាប់ពេលបន្តទៅមុខ ក៏នៅតែលុះនៅក្នុងបុព្វហេតុដ៏ពិសិដ្ឋមួយនេះតរៀងទៅ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×