Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

IMF វាយតម្លៃសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២នេះ ថានឹងសម្រេចបានក្នុងរង្វង់ ៥,១% និងឆ្នាំ ២០២៣ ៦,២%

spot_img

ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃពីសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះថា នឹងសម្រេចបានក្នុងរង្វង់ ៥,១% ដូចគ្នានឹងការព្យាករកាលពីខែមុន។

លោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានឱ្យដឹងថាការវាយតម្លៃ​នេះ ដោយសារការបន្តងើបឡើងវិញលឿននៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងតម្រូវការខាងក្រៅ ខណៈដែលហានិភ័យមួយចំនួនអាចនឹងប៉ះពាល់ដល់កំណើននេះ រួមមាន ការកើនឡើងខ្ពស់នៃអត្រាអតិផរណា, ការបន្តអូសបន្លាយនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, ការថមថយនៃសេដ្ឋកិច្ចចិន, និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍លឿនជាងការរំពឹងទុក។

លោក Alasdair Scott បានបន្ថែមថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ ក៏ត្រូវបានវាយតម្លៃឡើងវិញថា នឹងមានកំណើនខ្ពស់ជាងការព្យាករកាលពីពេលមុនក្នុងអត្រា ៦,២%ផងដែរ ដែលគាំទ្រដោយនិន្នាការល្អជាងការរំពឹងទុកនៃវិស័យទេសចរណ៍។

ការបង្ហាញពីការវាយតម្លៃ របស់ស្ថាប័នIMF នេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិIMF ជាមួយនឹងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ក្រុមការងារ សម្រាប់កម្ពុជា ឆ្នាំ២០២២ និងបានកត់សម្គាល់ពីភាពប្រហាក់ប្រហែលគ្នានៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម។

ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានបន្តផ្តល់ជាជំនួយ និងការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការផ្តល់អនុសាសន៍គោលនយោបាយល្អៗ និងចាំបាច់ ក្នុងបរិបទនៃភាពមិនប្រាកដប្រជាកាន់តែខ្ពស់នាពេលបច្ចុប្បន្ន ដើម្បីជួយតម្រង់ទិសការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែប្រសើរឡើង ក្នុងដំណាក់កាលស្តារសេដ្ឋកិច្ចឡើងវិញក្នុង និងក្រោយបរិការណ៍កូវីដ-១៩៕

spot_img
×