Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា មានបំណងចង់បានការដឹកជញ្ជូនតាមផ្លូវទឹកឲ្យបានច្រើន ខណៈបច្ចុប្បន្នការផ្ទេរទំនិញរបស់កម្ពុជាច្រើន នៅផែប្រទេសជិតខាង

spot_img

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ចង់បានការដឹកជញ្ជូនតាមផ្លូវទឹកឲ្យបានច្រើន និងសម្បូរបែប ដែលការដឹកជញ្ជូនផ្លូវទឹកនេះ នឹងកាត់បន្ថយការស្ទះចរាចរលើផ្លូវជាតិ កាត់បន្ថយការខូចផ្លូវ ចំណេញចំងាយផ្លូវ និង ពេលវេលា និងចំណេញថវិកាទៀតផង។

ឯកឧត្តម ស៊ុន ចាន់ថុល កន្លងទៅ បានប្រកាសថា ក្រសួង កំពុងធ្វើការសិក្សាលើគម្រោងជីកព្រែក ភ្ជាប់ទៅកំពង់ផែសមុទ្រកែប ដើម្បីបើកការដឹកជញ្ជូនតាមផ្លូវទឹក ពីដងទន្លេនានាទៅកាន់ កំពង់ផែសមុទ្រ ឲ្យអស់លទ្ធភាព ខណៈ កម្ពុជាមានសក្ដានុពលផ្លូវទឹកជាច្រើន ដែលមិនទាន់ បានប្រើប្រាស់អស់។​

ឯកឧត្តម បញ្ជាក់ថា កម្ពុជាមានលទ្ធភាពប្រើប្រាស់ទឹកទន្លេមេគង្គ ទាំងការដឹកជញ្ជូន និងការប្រើប្រាស់ ក៏ដូចជាការស្រោចស្រពផលដំណាំផងដែរ។  បច្ចុប្បន្ន កម្ពុជា មានកំពង់ផែរណបចំនួន ៧កន្លែង រួមមាន៖ កំពង់ផែរណបពហុបំណង (TS11) កោះរកា ព្រែកតាម៉ាក់  កំពង់ឆ្នាំង  ឆ្លូង ទន្លេបិទ និងចំណតផែកុងតឺន័រ(LM17)​ ជា​ដើម។

ជាមួយគ្នានេះផងដែរ ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានលើកឡើងថា គម្រោងជីកព្រែកភ្ជាប់ទៅកាន់ផែសមុទ្រ របស់ក្រសួងសាធារណការ នឹងជួយកាត់បន្ថយការផ្ទេរទំនិញកម្ពុជា នៅផែរបស់ប្រទេសជិតខាង

លោក បានចាត់ទុកគម្រោងសិក្សារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការជីកព្រែកភ្ជាប់ទៅកាន់ផែសមុទ្រខេត្តកែប ជាគម្រោងដែលនឹងផ្តល់សក្តានុពលខ្លាំង សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹក របស់កម្ពុជា។

សូមជម្រាបថា បើយោងតាមលោកប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ការដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសកម្ពុជា ត្រូវការការពឹងផ្អែកមួយចំនួន ក្នុងការផ្ទេរទំនិញ នៅផែប្រទេសជិតខាង មានប្រទេសវៀតណាមជាដើម ដើម្បីដឹកជញ្ជូនបន្តក្នុងការនាំចូល និងចេញពីប្រទេសកម្ពុជា ហើយប្រសិនបើគម្រោងជីកព្រែកនេះ អាចធ្វើទៅបានមែននោះ កម្ពុជា នឹងអាចដឹកជញ្ជូន ទៅកាន់ប្រទេសគោលដៅដោយផ្ទាល់ ហើយនឹងកាត់បន្ថយការផ្ទេរទំនិញរបស់កម្ពុជា នៅផែប្រទេសជិតខាង ដែលវាផ្តល់ផលចំណេញខ្លាំង សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕

spot_img
×