Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ណែនាំឲ្យចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់ ដែលបម្រើការងារនៅតាមសាលាជម្រះក្តីផ្សេងទៀត នៅទូទាំងប្រទេស ត្រូវពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌

spot_img

បាត់ដំបង៖ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូងខេត្តបាត់ដំបង , ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំឲ្យចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់ ដែលបម្រើការងារនៅតាមសាលាជម្រះក្តីផ្សេងទៀត នៅទូទាំងប្រទេស ត្រូវពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌ តាមរយៈការអនុវត្តឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់នូវវិធានការវិន័យនានា ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត ចាប់ពីឆ្នាំ២០២២ នេះតទៅ ដោយក្រសួងយុត្តិធម៌ កំណត់យកឆ្នាំ២០២២ នេះ “ជាឆ្នាំពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌” សំដៅបង្កើនប្រសិទ្ធិភាពការងារបន្ថែមទៀត។

នៅរសៀលថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការរបស់ ឯកឧត្តម ជុំ ស ប្រធានសាលាដំបូងខេត្តបាត់ដំបង ជំនួស ឯកឧត្តម ជា វណ្ណៈ ដែលត្រូវបានផ្ទេរមុខតំណែងទៅជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំវិញ។

មានប្រសាសន៍នៅក្នុងពិធីនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅដល់ ឯកឧត្តម ជុំ ស អតីតប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ដែលត្រូវបានផ្ទេរមកជាប្រធានសាលាដំបូងខេត្តបាត់ដំបងនាពេលនេះ។ ទន្ទឹមនេះ, ឯកឧត្តមរដ្ឋមន្រ្តី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ជា វណ្ណៈ ដែលបានខិតខំយកចិត្តទុកដាក់ដឹកនាំសាលាដំបូងខេត្តបាត់ដំបង ក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់ នាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការតែងតាំង, ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចរបស់ចៅក្រម-ព្រះរាជអាជ្ញា គឺជារឿងធម្មតាក្នុងអាជីពជាចៅក្រម-ព្រះរាជអាជ្ញា ក្នុងគោលបំណងដើម្បីធានាឱ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយភាពមិនលម្អៀង ភាពត្រឹមត្រូវ និងភាពយុត្តិធម៌។
ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តម ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង, ថ្នាក់ដឹកនាំខេត្តបាត់ដំបង, អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នាពេលកន្លងមក ហើយ ឯកឧត្តម ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អនេះ ជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបន្តទៀត ជាពិសេស ជាមួយ ឯកឧត្តម ជុំ ស ដែលជាប្រធានសាលាដំបូងខេត្តបាត់ដំបង ទើបនឹងចូលកាន់មុខតំណែងថ្មី ឱ្យអនុវត្តតូនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗបន្ថែមទៀត។

ថ្លែងក្នុងពិធីនេះផងដែរ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានណែនាំ និងផ្តាំផ្ញើដល់ ឯកឧត្តម ជុំ ស ដែលត្រូវចូលកាន់តំណែងនាពេលនេះ ក៏ដូចជា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់ ដែលបម្រើការងារនៅតាមសាលាជម្រះក្តីផ្សេងទៀតនៅទូទាំងប្រទេស នូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖
(ទី១)-ត្រូវពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌ តាមរយៈការអនុវត្តឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់នូវវិធានការវិន័យនានា ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត ចាប់ពីឆ្នាំ២០២២ នេះតទៅ ដោយក្រសួងយុត្តិធម៌ កំណត់យកឆ្នាំ២០២២ នេះ “ជាឆ្នាំពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌” សំដៅបង្កើនប្រសិទ្ធិភាពការងារបន្ថែមទៀត។ ទន្ទឹមនេះ, ក្រសួងយុត្តិធម៌ នឹងយកចិត្តទុកដាក់ខ្ពស់លើការផ្តល់ការលើកទឹកចិត្តនានា ជាពិសេស ការតែងតាំងក្នុងមុខតំណែងទទួលខុសត្រូវនានានៅក្នុងវិស័យយុត្តិធម៌ តាមរយៈការលើកកម្ពស់ការអនុវត្តគោលការណ៍គុណាធិបតេយ្យ ចំពោះមន្រ្តីរាជការ និងមន្រ្តីតុលាការណាដែលខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីបុរេសកម្ម មានការទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុង។
(ទី២)-ត្រូវអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវអនាគតិ នៅពេលជំនុំជម្រះរឿងក្តី សំដៅធានាឱ្យបាននូវភាពយុត្តិធម៌ ត្រឹមត្រូវជូនប្រជាពលរដ្ឋ ដោយវៀរចាកនូវអគតិធម៌ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រម-ព្រះរាជអាជ្ញាទាំងអស់បានធ្វើសច្ចាប្រណិធាននៅមុនពេលខ្លួនចូលកាន់មុខតំណែង។ ទន្ទឹមនេះ, ចៅក្រម-ព្រះរាជអាជ្ញាទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបានក្នុងការពង្រឹងជំនឿទុកចិត្តពីសាធាណជនចំពោះវិស័យយុត្តិធម៌។
(ទី៣)-សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពធនធានមនុស្សខ្លួន តាមរយៈការពង្រឹងលើការងារស្រាវជ្រាវ ការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដល់មន្ត្រីរាជការនៅក្រោមឱវាទរបស់ខ្លួន។
(ទី៤)-ចៅក្រមទាំងអស់ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកា ព្រមទាំងលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
(ទី៥)-ទោះបីជាកម្ពុជាទទួលបានជោគជ័យលើសមរភូមិនៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី, ក្រសួងយុត្តិធម៌ សូមក្រើនរំលឹក និងសូមអំពាវនាវដល់ថ្នាក់ដឹកនាំតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តរៀបចំធ្វើយ៉ាងណាឱ្យដំណើរការនៃការជម្រះក្តី និងការមកទទួលយកសេវាយុត្តិធម៌របស់ប្រជាពលរដ្ឋ អាចប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងតាមគន្លងប្រក្រតីភាពថ្មី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×