កំពង់ឆ្នាំង ៖ ក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងសមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជា មកពីថ្នាក់ខេត្ត ស្រុក ឃុំ និងមកពីបណ្ដាភូមិនានាក្នុងឃុំអញ្ចាញរូង បានមកជួបជុំគ្នានៅស្នាក់ការបក្សឃុំអញ្ចាញរូង ដើម្បីដង្ហែក្បួនចេញឃោសនារកសំឡេងឆ្នោត ខណ:ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃដំបូង ឬថ្ងៃទី១ បានឈាចូលមកដល់ហើយ ដោយត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

ពិធីជួបជុំមុនចេញដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនេះ ដឹកនាំដោយ លោក នួន វណ្ណ: ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំអញ្ចាញរូង និងមានការអញ្ជើញចូលរួមពីក្រុមការងារជាច្រើនរូបទៀត រួមមាន លោក សៀត គឹមលៀង , លោក ប៉ែន ឈៀង ព្រមទាំងមេក្រុមបក្សសរុប ២៥៥នាក់។
លោក នួន វណ្ណ: ជាអធិបតីនៃពិធីជួបជុំ បានលើកឡើងពីទិសដៅធំៗចំនួន ៧ចំណុចរបស់គណបក្សប្រជាជនកម្ពុជាជូនអង្គពិធីបានជ្រាប និងរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសមាជិក-សមាជិកានៃគណបក្សប្រជាជនទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ កុំបីខាន ដោយសូមគូសសញ្ញាគ្រីស ( √ ) ក្នុងប្រអប់៤ជ្រុងទ្រវែងនៃគណបក្សប្រជាជនកម្ពុជានៅលំដាប់លេខរៀងទី២។
ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជាសម្រាប់ការឃោសនាបោះឆ្នោតឃុំអញ្ចាញរូង លោក នួន វណ្ណ: បានបញ្ជាក់អំពីគោលការណ៍អភិវឌ្ឍ និងបម្រើប្រជាពលរដ្ឋ ចំនួន ៧ចំណុច ថា ÷
១- ឃុំ-សង្កាត់ ដែលមានគណបក្សប្រជាជនកម្ពុជា គឺលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ, សិទ្ធិសេរីភាព , អភិវឌ្ឍន៍មូលដ្ឋាន, សុខដុមរមនាតាមរយៈម្លប់សន្តិភាព, បម្រើប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ,

២- ធ្វើឱ្យឃុំ-សង្កាត់ មានសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម កាន់តែប្រសើរជូនប្រជាពលរដ្ឋ,
៣- ធានាផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត, ប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលប្រកបដោយភាពងាយស្រួល សាមញ្ញ និងឆាប់រហ័ស,
៤- ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាជនតាមរយៈការបង្កើនការងារ, ការពង្រីកមុខរបរ , ការអភិវឌ្ឍវិស័យកសិកម្ម និងផលិតកម្មផ្សេងៗ,
៥- លើកកម្ពស់គាំពារសង្គម, លើកកម្ពស់ស្ថានភាពរស់នៅរបស់ស្ត្រី យុវជន កុមារ ជនមានពិការភាព , ចាស់ជរា , ជនជាតិដើមភាគតិច អតីតយុទ្ធជន គ្រួសារក្រីក្រ និងប្រជាជនងាយរងគ្រោះផ្សេងៗ,
៦- លើកកម្ពស់គណនេយ្យភាពចំពោះប្រជាពលរដ្ឋ យុត្តិធម៌សង្គម និងភាពស្អាតស្អំ គ្មានការរំលោភអំណាច និងគ្មានអំពើពុករលួយ, និង
៧- ធ្វើយ៉ាងណាឱ្យមានស័្វយភាព សិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់ដើម្បីធានាការអភិវឌ្ឍមូលដ្ឋាន និងការការពារផលប្រយោជន៍របស់ប្រជាជន។
ជាមួយគ្នានេះផងដែរ លោក ប៉ែន ឈៀង ក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំអញ្ចាញរូង បានផ្ដាំផ្ញើដល់សមាជិក-សមាជិកាទាំងអស់ យកចិត្តទុកដាក់ផ្សព្វផ្សាយសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកគ្រួសារទូទៅនៅក្នុងឃុំឲ្យដឹងពីលំដាប់លេខរៀង គឺសន្លឹកឆ្នោតគណៈបក្សប្រជាជនកម្ពុជានៅលំដាប់លេខរៀងទី២ និងរបៀបគូសលើសន្លឹកឆ្នោត ឲ្យបានគ្រប់ៗគ្នា កុំបីខាន។

លោក ប៉ែន ឈៀង បានបង្ហាញនូវសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ជាតិ និងប្រជាជនទាំងមូលថា គណបក្សប្រជាជនកម្ពុជា ជាអ្នករំដោះ សង្គ្រោះប្រជាជនឲ្យរួចផុតពីការកាប់សម្លាប់រង្គាលនៃរបបខ្មែរក្រហម គឺជ័យជំនះ ថ្ងៃ ៧ មករា ១៩៧៩ ធ្វើឱ្យយើងមានអ្វីៗដូចសព្វថ្ងៃនេះ, ជាអ្នកស្វែងរកសន្តិភាពពេញលេញក្នុងឆ្នាំ១៩៩៨, មានសន្តិភាព ស្ថេរភាពទើបមានការអភិវឌ្ឍ, ស្មារតីនយោបាយឈ្នះឈ្នះស្ថិតស្ថេរជាអមតៈ, គណបក្សប្រជាជនកម្ពុជា គឺជារបស់ប្រជាជន ធ្វើអ្វីដើម្បីប្រជាជន, រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ, លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន, គាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺឆ្លងកាចសាហាវ។ល។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ជិតចូលមកដល់ ហើយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួនទៅបោះឆ្នោត ដែលប្រព្រឹត្តទៅនឹងថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន កាស៊ីណូ ក្រុមហ៊ុនសន្តិសុខឯកជន និងគ្រឹះស្ថានទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនីរបស់ខ្លួន បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នេះផង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















