វីដេអូដ៏រន្ធត់មួយ បង្ហាញត្រីបាឡែនដ៏ធំមួយក្បាល វាយប្រហារទូកទេសចរណ៍មួយគ្រឿងយ៉ាងសាហាវ។ ខណៈពេលដ៏គួរឲ្យភ័យខ្លាចនេះ ត្រូវបានកត់ត្រាអ្នកទេសចរទូកផ្សេង ក្នុងអំឡុងធ្វើដំណើរទៅកាន់ឈូងសមុទ្រកាលីហ្វ័រញ៉ា ពីឆ្នេរសមុទ្រ Ahome រដ្ឋ Sinaloa ភាគខាងជើងម៉ិកសុិក។
បើតាមវីដេអូចែករំលែកបានឲ្យដឹងថា ខណៈទូកអ្នកទេសចរនោះ កំពុងទស្សនាត្រីបាឡែន ប៉ុន្តែ រំពេចនោះ ក៏ស្រាប់តែត្រីបាឡែនដ៏ធំមួយក្បាល បានស្ទុះចេញពីក្នុងទឹកធ្លោ និងទម្លាក់ខ្លួនសង្កត់ពីលើទូកទាំងកម្រោលតែម្តង ខណៈអ្នកទេសចរនៅលើទូកជាច្រើនកំពុងស្ថិតនៅជុំវិញនោះ ស្រែកឡើងយ៉ាងរន្ធត់។
ទម្ងន់រាប់តោនរបស់ត្រីបាឡែននោះ គឺបានបណ្តាលឲ្យទូកស្ទើរក្រឡាប់។ អ្នកទេសចរ៤នាក់ នៅលើទូក បានរងរបួស និងត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរឆ្នេរ។ ស្រ្តីម្នាក់ត្រូវបានគេរាយការណ៍ថា បានបាក់ជើង បុរសម្នាក់បាក់ឆ្អឹងជំនីរ រងរបួសក្បាល និងបុរសម្នាក់ទៀត រងរបួសធ្ងន់។ ចំណែកទូកវិញ ក៏រងការខូចខាតយ៉ាងដំណំផងដែរ។
អ្នកបើកទូក ត្រូវបានគេរិះគន់ថា នាំភ្ញៀវទេសចរទៅជិតសត្វពេក។ រូបថតទូកក្រោយការបុកបានបង្ហាញឲ្យឃើញដំបូលរបស់វាបានបាក់កំពិតដ៏មិននឹកស្មាន។
លោក Omar Mendoza Silva អ្នកសម្របសម្រួលនៃការការពារប្រជាពលរដ្ឋនៅ Ahome បាននិយាយថា ត្រីបាឡែន humpback មានអារម្មណ៍ថា ត្រូវបានគំរាមកំហែងដោយសកម្មភាពរបស់ទូកទេសចរណ៍ជាច្រើន នៅក្នុងតំបន់ប្រតិបត្តិការរបស់វា។
អភិបាលក្រុង Ahome លោក Gerardo Vargas បានព្រមានប្រជាជនកុំឱ្យចូលទៅជិតត្រីបាឡែនពេក ក្នុងអំឡុងពេលដំណើរកម្សាន្ត។ លោកបានបន្តថា៖ «យើងអាចសរសើរពីសម្រស់របស់វា ប៉ុន្តែយើងនៅតែត្រូវរក្សាចម្ងាយសុវត្ថិភាព ដើម្បីជៀសវាងកើតមានហេតុការណ៍នេះឡើង។
យោងតាមបទប្បញ្ញត្តិរបស់ម៉ិកស៊ិក ទូកទាំងអស់ដែលចង់សង្កេតមើលត្រីបាឡែន ត្រូវយកចិត្តទុកដាក់លើកត្តាសុវត្ថិភាព រក្សាចម្ងាយឱ្យបានល្អពីសត្វទាំងនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



