Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានអញ្ជើញទៅទស្សនា សួនរុក្ខជាតិអង្គរ

spot_img

សៀមរាប៖ ក្រោយពេលសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ សួនរុក្ខជាតិអង្គរ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ថ្មីៗនេះ ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានសម្រុកទៅទស្សនាសួនរុក្ខជាតិអង្គរ ដែលមានទីតាំងក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ក្នុងនោះ សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ ភ្ញៀវទេសចប្រមាណ៧,៧១៥នាក់ ក្នុងនោះភ្ញៀវជាតិ៧,៦៦៤ និងភ្ញៀវបរទេសចំនួន៥១នាក់ បានចូលមកទស្សនាសួនរុក្ខជាតិអង្គរ និងកោតសសើរភាពអំពីភាពស្រស់ស្អាតនៅក្នុងសួននេះ។

កញ្ញា ឌិន គឹមរាណ អាយុ១៦ឆ្នាំ ជាភ្ញៀវទេសចរអញ្ជើញមកពីស្រុកពួក ខេត្តសៀមរាប បានបង្ហាញក្តីសប្បាយរីករាយ នូវពេលមកទស្សនាសួនរុក្ខជាតិអង្គរ ក្រោយពេលអាជ្ញាធរជាតិអប្សរា បើកសម្ភោធនិងដាក់ឱ្យភ្ញៀវចូលទស្សនាដោយមិនគិតថ្លៃ។ កញ្ញាបន្តទៀតថា សួននេះមានទីធ្លាធំទូលាយ និងមានប្រភេទរុក្ខជាតិកម្រៗជាច្រើនប្រភេទ ដែលកញ្ញាមិនធ្លាប់ឃើញពីមុនមក ហើយដើមឈើទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ជាពិសេសកូនខ្មែរជំនាន់ក្រោយ បានស្គាល់និងសិក្សាស្វែងយល់។

ចំណែកលោកជា ម៉េងលី ប្រជាពលរដ្ឋមកពីសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានលើកឡើដែរថា លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលអាជ្ញាធរជាតិអប្សរា បានបង្កើតជាសួនរុក្ខជាតិអង្គរ យ៉ាងស្រស់ស្អាតលើទឹកដីក្រុងសៀមរាប។ លោកបន្តថា សួនរុក្ខជាតិអង្គរនេះ ពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារការរៀបចំសួនក្នុងរចនាបទខ្មែរ មានធម្មជាតិស្រស់បំព្រង ផ្ការីកស្គុះស្គាយចោលក្លិនក្រអូប ធ្វើឱ្យអ្នកទេសមកទស្សនាមិនចេះជិនណាយ។
លោកសំណូមពរដល់ភ្ញៀវទេសចរ ដែលមកទស្សនាសួនរុក្ខជាតិអង្គរនេះ សូមចូលរួមថែរក្សាអនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ថែរក្សាដើមឈើ ផ្កា ស្មៅដែលបានដាំដុះ ដើម្បីភាពបៃតងស្រស់ស្អាតក្នុងតំបន់រមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា សួនរុក្ខជាតិអង្គរ បានក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀត នៅក្នុងក្រុងសៀមរាប ដែលអាជ្ញាធរជាតិអប្សរា បានបង្កើតឡើង ដោយមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម នៃពូជជាង៥០០ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើម។

សួនរុក្ខជាតិអង្គរដែលជាសមិទ្ធិផលថ្មី១ទៀតក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានអង្គរក្នុងគោលដៅពង្រីកបន្ថែមទេសភាពបៃតងសំរាប់ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាបនោះត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអោយដឹងថា ដើម្បីបង្កើនកិច្ចអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ និងទាក់ទាញភ្ញៀវទេសចរណ៍ផង នាឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើម និងឧបត្ថម្ភគាំទ្រពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា នោះ អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមរៀបចំកែលំអរនិងពង្រីកផ្ទៃដីសួនរុក្ខជាតិអង្គរ ក្រោមទំហំផ្ទៃដីប្រមាណជិត ១៥ហិកតា អោយសំរេចបានជោគជ័យជាផ្លូវការនៅដើមឆ្នាំ២០២២នេះដោយមានរៀបចំ ជាសួនសំខាន់ៗ ជាច្រើនក្នុងនោះអាជ្ញាធរជាតិអប្សរា បានដាំកូនឈើ និងប្រភេទរុក្ខជាតិផ្សេងៗ រាប់ម៉ឺនដើម ដែលមានប្រភេទរុក្ខជាតិសរុបជាង ៥០០ប្រភេទផ្សេងៗគ្នា។ នៅទីនោះក៏មានសួនសត្វ និងសួនរុក្ខជាតិសំខាន់ៗ ចំនួន៥សួន ដែលត្រូវបានបង្កើតឡើងក្នុងរចនាបទបែបខ្មែរ រួមមាន៖ សួនឱសថនិងគ្រឿងទេស សួនផ្កាស្មៅ និងផ្កាចម្រុះ សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងសត្វព្រៃអង្គរជាដើមដោយសួនទាំងនោះ មានភាពទាក់ទាញខុសប្លែកពីគ្នា ជាពិសេសមានដើមឈើនិងរុក្ខជាតិកម្រៗជាច្រើនប្រភេទ បម្រើផលប្រយោជន៍ខុសប្លែកពីគ្នា សម្រាប់មនុស្សជំនាន់ក្រោយ បានស្គាល់និងរួមចំណែកក្នុងការងារសិក្សាស្រាវជ្រាវ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាការសម្ពោធជាផ្លូវការនូវសួនរុក្ខជាតិអង្គរនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជាផ្លូវការដល់សាធារណជនជាតិនិងអន្តរជាតិអោយបានដឹងនិងចូលទស្សនាកំសាន្តនាពេលអនាគតនូវសមិទ្ធិផលទេសចរណ៍ថ្មី១ដែលពោរពេញទៅដោយគុណប្រយោជន៍ផ្នែកសង្គមនិងសេដ្ឋកិច្ចក៏ដូចជាចូលរួមលើកកំពស់ការយល់ដឹងបន្ថែមដល់ប្រជាជនកម្ពុជានូវប្រភេទរុក្ខជាតិដ៏សំបូរបែបទាំងនៅក្នុងស្រុកនិងនាំយកមកពីបរទេស រួមនិងផលិតផលទេសចរណ៍បន្ទាប់បន្សំមួយចំនួនទៀតក្នុងសួនសំដៅបង្កើនស្មារតីស្រលាញ់ចូលរួមថែរក្សាការពារនិងអភិរក្សមរតកជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការគាំទ្រនិងអរគុណចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និង ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី និងអាជ្ញាធរខេត្តសៀមរាប ដែលបានរៀបចំបង្កើតជាសួនរុក្ខជាតិអង្គរដែលមានទំហំផ្ទៃដីយ៉ាងធំទូលាយរហូតដល់ជិត ១៥ហិកតានេះ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចាត់ទុកសួនរុក្ខជាតិអង្គរនេះថា មានតួនាទីដ៏សំខាន់ក្នុងការថែរក្សាការពារនិងអភិរក្សរុក្ខជាតិជាច្រើនប្រភេទដែលបានដុះនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលរុក្ខជាតិទាំងនេះមិនត្រឹមតែផ្តល់នូវជំរកមនុស្សសត្វក៏ដូចជាផ្តល់ផ្លែផ្កានិងក្លិនប៉ុណ្ណោះទេតែថែមទាំងបានផ្តល់ជាឱសថព្យាបាលជំងឺដ៏សក្តិសិទ្ធជូនដល់ប្រជាពលរដ្ឋតាមទំនៀមទំលាប់របស់បុព្វបុរសខ្មែរគ្រប់ជំនាន់តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ននិងតទៅអនាគត។ ការដាំដុះរុក្ខជាតិរហូតដល់៥០០ប្រភេទនៅក្នុងសួនរុក្ខជាតិអង្គរនេះចាត់ទុកថាជាជំហានដំបូងដែលយើងបានអភិវឌ្ឍនិងអភិរក្សតាមលំអានដើម្បីអោយកូនខ្មែរគ្រប់រូបគ្រប់ជំនាន់ត្រូវចងចាំនិងថែរក្សាបន្តទៅមុខទៀត ក្រៅពីនេះក៏បានចូលរួមក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនិងរួមចំណែកធ្វើអោយបរិស្ថានក្នុងតំបន់អង្គរនេះកាន់តែមានភាពបៃតងស្រស់បំព្រង ខ្យល់អាកាសត្រជាក់បរិសុទ្ធនិងកាន់តែអាចទាក់ទាញបាននូវភ្ញៀវទេសចរណ៍អោយចូលមកទស្សនាកំសាន្តកាន់តែច្រើនផងដែរ។

គួរបញ្ជាក់ថាសួនរុក្ខជាតិអង្គរនឹងបើកអោយសាធារណជនចូលទស្សនាដោយឥតគិតថ្លៃក្នុងរយះពេល១ខែរឺ១ខែកន្លះដំបូងគិតចាប់ពីថ្ងៃបើកសម្ពោធជាផ្លូវការនេះតទៅ។
បន្ទាប់ពីនេះសួនរុក្ខជាតិអង្គរនឹងដើរតួនាទី១ផ្នែកក្នុងការរកចំណូលបន្ថែមជូនជាតិតាមរយះការលក់សំបុត្រចូលទស្សនាក្នុងតំលៃ១ដែលកំពុងស្ថិតក្នុងការសិក្សានិងពិភាក្សាដោយឈរលើស្មារតីធ្វើយ៉ាងណាអោយសួននេះក្លាយទៅជាទីកន្លែងកំសាន្តលំហែអារម្មណ៍ជូនប្រជាពលរដ្ឋនិងភ្ញៀវអន្តរជាតិបន្ថែមលើសមិទ្ធិផលនានាក្នុងគំរោងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×