Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន ទា.ត់ចោ.លបទឈ.ប់បា.ញ់ និង ការផ្ដល់សម្បទានទឹកដី ដល់រុស្ស៊ី

spot_img

រដ្ឋធានីគៀវ៖ គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេល៨៩ថ្ងៃកន្លងមកហើយ ហើយក្រុងគៀវបានទាត់ចោលនូវបទឈ.ប់បា.ញ់គ្នា និង ការផ្ដល់សម្បទានទឹកដីណាមួយដល់រុស្ស៊ី។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ថា រដ្ឋាភិបាលអ៊ុយក្រែន បានអះអាងថា ក្រុងគៀវ នឹងមិនយល់ព្រម លើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយនឹងរុស្ស៊ី ពាក់ព័ន្ធនឹងការបោះបង់ទឹកដីរបស់ខ្លួន ទៅឲ្យក្រុងមូស្គូ។ ការប្រកាន់ជំហរជាក់ស្ដែងរបស់អ៊ុយក្រែន បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) បានបញ្ជាក់ថា សង្គ្រាមអាចត្រូវបានដោះស្រាយបាន តែតាមរយៈការទូតប៉ុណ្ណោះ។

លោក មីខាយឡូ ប៉ូដូលយ៉ាក (Mykhaylo Podolyak) ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ការធ្វើសម្បទានទឹកដី នឹងនាំឱ្យមានការវាយលុករបស់រុស្ស៊ី កាន់តែធំ និង បង្ហូរឈាមកាន់តែខ្លាំងឡើង។ ការអត្ថាធិប្បាយរបស់គាត់ បានកើតឡើង ខណៈរុស្ស៊ីបន្តប៉ុនប៉ង ឡោមព័ទ្ធកម្លាំងកងទ័ពអ៊ុយក្រែន ដែលកំពុងតែការពារទីក្រុងសេវេរ៉ូដូណែតស្ក៍ (Severodonetsk) នៅភាគខាងកើត ប្រទេស។

រដ្ឋាភិបាលក្រុងគៀវ បានច្រានចោលនូវបទឈប់បាញ់ ឬសម្បទានទឹកដីណាមួយ ទៅដល់ក្រុងមូស្គូ ខណៈរុស្ស៊ីបានបង្កើននូវការវាយប្រហារ នៅក្នុងតំបន់ភាគខាងកើត និង ភាគខាងត្បូង ប្រទេសអ៊ុយក្រែន។ ឥឡូវនេះ កម្លាំងទាហានរុស្ស៊ី កំពុងតែបង្កើនការវាយលុក តាមផ្លូវអាកាស និង បាញ់ផ្លោងស្រោច ទៅលើតំបន់ដុនបាស់ (Donbas) និង មីកូឡេវ (Mykolaiv) ។

ដោយឡែក គោលជំហររបស់ក្រុងគៀវ កាន់តែមានភាពមិនចុះសម្រុងគ្នា នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈរុស្ស៊ីបានបរាជ័យផ្នែកយោធា ស្របពេលមន្ត្រីអ៊ុយក្រែន មានការព្រួយបារម្ភថា ពួកគេអាចត្រូវរងសម្ពាធ ឱ្យលះបង់ទឹកដី សម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួនឹងក្រុងមូស្គូ។

ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានបញ្ជាឲ្យកងទ័ព វាយលុក ចូលទៅទឹកដីអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៣ ខែឧសភា សង្គ្រាមនេះ បាន និង កំពុងតែបង្កនូវមហាវិនាសកម្មយ៉ាងខ្លាំង នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ ហើយជនស៊ីវិល ជាង៦,៥លាននាក់ បានរត់ភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ។ ប៉ុន្ដែនៅក្នុងចំណោមជនភៀសខ្លួនទាំងនោះ ភាគច្រើនជាស្រ្ដី កុមារ និង មនុស្សចាស់ជរា។ ដោយឡែក បុរសមានអាយុចាប់ពី១៨ដល់៦០ឆ្នាំ ត្រូវស្ថិតក្នុងប្រទេស ដើម្បីជួយការពារទឹកដី ទប់ទល់នឹងកម្លាំងទាហានរុស្ស៊ី៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×