ភ្នំពេញ៖ អ្នកជំនាញនៅកម្ពុជា បានអះអាងថា ស្ថានភាពកូវីដ១៩ នៅកម្ពុជា មានភាពល្អប្រសើរ វិនិយោគិនបរទេស នឹងចូលមកកម្ពុជាវិញក្នុងពេលឆាប់ៗនេះ។ រំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ត្រូវបានគេឃើញថា បន្តកើនឡើង ទោះបីជាក្នុងអត្រាតិចតួចក្ដី។ តួលេខបង្ហាញថា ទោះបីជាកម្ពុជា ជួបវិបត្តិធ្ងន់ធ្ងរដោយសារតែកូវីដ១៩ ក៏ទុនវិនិយោគបានកើនឡើង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាថា ទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៩ មកដល់ដំណាច់ឆ្នាំ២០២១ បានបន្តកើនឡើង។

លោក ច្រឹក សុខនីម ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើង នាពេលកន្លងទៅថា ដោយសារស្ថានភាពកូវីដ១៩នៅកម្ពុជា មានភាពល្អប្រសើរ ដូច្នេះវិនិយោគិនបរទេស នឹងចូលមកកម្ពុជាវិញនៅពេលឆាប់ៗនេះ លោកបន្តថា អ្នកវិនិយោគ អាចនៅពាក់កណ្ដាលឆ្នាំ ឬចុងឆ្នាំ២០២២នេះ។

អ្នកជំនាញលើកឡើងថា ក្នុងឆ្នាំ២០១៩ រំហូរទុនវិនិយោគពីបរទេសនៅកម្ពុជា មានចំនួនប្រមាណ ៣,៤ពាន់លានដុល្លារ ឆ្នាំ២០២០ បានបន្តកើនឡើងក្នុងទំហំតិចតួចប្រមាណ ៣,៦ ពាន់លានដុល្លារអាមេរិក និងឆ្នាំ២០២១ កើនដល់ ៤,៥ ពាន់លានដុល្លារអាមេរិក។ ដោយឡែក ក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំ២០២២ ទុនវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងដល់ទំហំជិតពាក់កណ្ដាលនៃឆ្នាំ២០២១ គឺប្រមាណ ២ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា បើតាមអ្នកជំនាញ បច្ចុប្បន្ននេះ ប្រទេសធំៗ ដែលបានដាក់ទុនវិនិយោគនៅកម្ពុជា រួមមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម។ ហើយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជាជាមួយប្រទេសចិន និងកូរ៉េ ដែលទើបតែបង្កើតឡើងថ្មីៗនេះ នឹងធ្វើឱ្យរំហូរវិនិយោគផ្ទាល់មកកាន់កម្ពុជា កាន់តែ មានកំណើនឡើងបន្តថែមទៀត ស្របពេលដែលស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្រាលឡើងវិញ៕
