Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងពង្រឹងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការជំរុញកម្ពុជា ឱ្យក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០

spot_img

ភ្នំពេញ៖ កម្ពុជា បានដាក់ឱ្យអនុវត្តនូវគម្រោង “ពង្រឹងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត» ដែលមានសារៈសំខាន់ ដើម្បីចូលរួមចំណែកដល់ការជំរុញការអភិវឌ្ឍ ឱ្យសម្រេចបាននូវចក្ខុវិស័យ សម្រាប់ប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវេទិកាដាក់ឱ្យអនុវត្ត «គម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត» ក្រោមវត្តមាន ឯកឧត្ដម ឆែម គាតរិទ្ធី  រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។

ក្រសួង បានបង្កើតផែនទីបង្ហាញផ្លូវឆ្នាំ២០៣០ ដែលបានកំណត់យ៉ាងច្បាស់អំពីសសរស្តម្ភប្រាំគឺ ទី១.អភិបាលកិច្ច ២.ការអប់រំ ៣.ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ៤.កិច្ចសហការ និង ៥.ប្រព័ន្ធអេកូឡូស៊ី។ សកម្មភាពចម្បងមួយក្នុងចំណោមសកម្មភាពជាច្រើនទៀត ក្នុងផែនទីបង្ហាញផ្លូវ គឺក្នុងគោលដៅនៅត្រឹមឆ្នាំ២០៣០ ត្រូវមាននិស្សិតសកលវិទ្យាល័យ ៥០ភាគរយ បញ្ចប់ការសិក្សាក្នុងជំនាញ STEM ក្នុងនោះ ៤០%ជាស្ត្រី។

ឯកឧត្ដម ឆែម គាតរិទ្ធី  បានលើកឡើងថា ធនធានមនុស្ស ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិត​វិទ្យា (STEM)នេះ ពិតជាមានសារៈសំខាន់ ដើម្បីឱ្យសម្រេចបាននៃការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីបង្កើនការចុះឈ្មោះចូល​រៀនជារួមក្នុងវិស័យ STEM ទាំងក្នុងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន។

ឯកឧត្ដម ឆែម គាតរិទ្ធី  បានឱ្យដឹងទៀតថា ការដាក់ឱ្យអនុវត្តគម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត នាពេលនេះ ដើម្បីផ្សព្វផ្សាយពីការងារ សកម្មភាព និងលទ្ធផលរំពឹងទុកពីគម្រោងនេះក៏ដូចជាការជំរុញ និងបណ្តុះគំនិត និងការទាក់ទាញនូវចំណាប់អារម្មណ៍របស់សិស្សានុសិស្ស ក្នុងការ ជ្រើសរើសយកការសិក្សា STEM ហើយសង្ឃឹមថា ការអនុវត្តគម្រោងមួយនេះនៅខេត្តកំពត អាចយកទៅអនុវត្តនៅបណ្តាខេត្តផ្សេងៗទៀត ដើម្បីចូលរួមអភិវឌ្ឍសមត្ថភាព និងលើកតម្កើងគុណតម្លៃនៃធនធានមនុស្សក្នុងវិស័យ STEM ក្នុងការប្រកួតប្រជែងថ្នាក់តំបន់ និងពិភពលោក។

សូមបញ្ជាក់ថា កម្មវិធីដាក់ឱ្យអនុវត្ត គម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត ស្ថិតក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានវិទ្យាសាស្ត្របច្ទេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា​ ដើម្បីជំរុញលើកទឹកចិត្ត និងបណ្តុះគំនិតទាក់ទាញនូវចំណាប់អារម្មណ៍របស់សិស្សានុសិស្ស ក្នុងការជ្រើសរើសយកការសិក្សា STEM៕

spot_img
×