Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកយុទ្ធនាការ ឌីជីថលដើម្បីលើកកម្ពស់ការយល់ដឹង ពង្រឹងការឆ្លើយតបរបស់មន្ត្រីនគរបាល ចំពោះជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅរាជធានីភ្នំពេញ

spot_img

ភ្នំពេញ ៖ ដើម្បីចូលរួមដោះស្រាយឧបសគ្គចម្បងមួយចំនួន ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បើកយុទ្ធនាការ ឌីជីថលដើម្បីលើកកម្ពស់ការយល់ដឹង ដើម្បីពង្រឹងការឆ្លើយតបរបស់មន្ត្រីនគរបាលចំពោះជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅក្នុងសហគមន៍ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២។

ការបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈដែលនឹងដំណើរការក្នុងរយៈពេល៦ខែ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងសហគមន៍ និងមន្ត្រីនគរបាល ព្រមទាំងជូនដំណឹងដល់សាធារណៈជនអំពីសកម្មគាំទ្រនានាដែលមានស្រាប់ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

អំពើហិង្សាក្នុងគ្រួសារ ឬអំពើហិង្សាពីដៃគូស្និទ្ធស្នាល រួមមានអំពើហិង្សាលើរាងកាយ ផ្លូវភេទ ឬផ្លូវចិត្ត គឺជាអំពើហិង្សាដែលកើតឡើងញឹកញយបំផុតទៅលើស្រ្តីនៅក្នុងប្រទេសកម្ពុជា។ ស្ត្រីម្នាក់ក្នុងចំណោម៥នាក់ ដែលមានអាយុចន្លោះពី១៥ ទៅ ៤៩ឆ្នាំ ធ្លាប់បានរងគ្រោះដោយអំពើហិង្សាលើរាងកាយ។ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២០ អត្រានៃឧប្បត្តិហេតុនេះ បានកើនឡើងក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩។

បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រក៏ដោយ ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដូចជាការពង្រឹងសមត្ថភាព និងជំនាញដល់មន្ដ្រីនរគបាល ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

លោក Felipe De La Torre អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ន UNODC បានថ្លែងថា៖ «UNODC មានសេចក្តីសោមនស្សរីករាយណាស់ដែលបានចូលរួមចំណែកដល់ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី (NAPVAW) ២០១៩-២០២៣ តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈនេះ។ យើងមានគោលបំណងបញ្ជ្រាបចំណេះដឹងអំពីផលប៉ះពាល់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រកើតឡើងនៅក្នុងទីក្រុងភ្នំពេញ និងដើម្បីឱ្យប្រជាជនបានយល់ដឹងអំពីសេវាកម្មដែលមានសម្រាប់ជនរងគ្រោះ។ អំពើហិង្សាទាក់ទងនឹងយេនឌ័រ មិនត្រឹមតែប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងសង្គមរបស់សហគមន៍ផងដែរ»។

លោកបានបន្ថែមថា យុទ្ធនាការនេះ គឺជាផ្នែកមួយនៃសកម្មភាពទាក់ទាញការគាំទ្រមតិ និងបង្កើនការយល់ដឹងនៃគម្រោងរបស់ UNODC ដែលផ្តោតលើវិធីសាស្ត្រនគរបាលសហគមន៍ក្នុងការកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយនគរបាលជាតិកម្ពុជា គម្រោងនេះផ្ដោតទៅលើការកសាងសមត្ថភាពមន្ត្រីនគរបាលជួរមុខទាំងបុរស និងស្ត្រីដោយផ្តោតលើការពង្រឹងជំនាញកំណត់អត្តសញ្ញាណ ជំនាញរាយការណ៍ និងសរសេររបាយការណ៍អំពីឧប្បត្តិហេតុនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ក្រោមកិច្ចសហការជាមួយមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពខណ្ឌសហគមន៍ចំនួន៦ ស្ថិតនៅក្នុងខណ្ឌចំនួន៣ នៅក្នុងរាជធានីភ្នំពេញ រួមមាន៖ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ត្រូវបានរកឃើញថាជាសហគមន៍កំពុងប្រឈមហានិភ័យខ្ពស់នឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ យុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈនេះ ផ្ដោតលើក្រុមគោលដៅជាច្រើន ជាពិសេសស្ត្រីដែលមានអាយុចន្លោះពី១៥ ទៅ ៤៩ឆ្នាំ។ យុទ្ធនាការនេះនឹងបានទៅដល់សាធារណៈជនតាមរយៈការផ្សព្វផ្សាយសារផ្សេងៗ តាមប្រព័ន្ធអនឡាញ និងការបោះពុម្ភ។ ក្នុងនោះក៏មានសារចែករំលែកដោយបុគ្គលសាធាណៈមកពីវិស័យផ្សេងៗគ្នាផងដែរ។

ជាមួយនឹងការប្រើប្រាស់ hashtag # ឈប់ទ្រាំនឹងអំពើហិង្សា និងសារគន្លឹះ «មានអាជ្ញាធរនិងអ្នកជំនាញចាំជួយអ្នកជានិច្ច» យុទ្ធនាការនេះមានគោលបំណងលើកទឹកចិត្តដល់ជនរងគ្រោះ និងសាក្សីត្រូវហ៊ានជំនះគំនាបវប្បធម៌ និងសង្គមពាក់ព័ន្ធនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយត្រូវហ៊ាននិយាយតាមរយៈការបណ្តុះមតិ និងអារម្មណ៍វិជ្ជមានចំពោះការស្វែងរកជំនួយនៅពេលចាំបាច់។

ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងលោកស្រី ស ស៊ីណែត អគ្គនាយិការរងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី ដែលទទួលស្គាល់ថាជាជើងឯកប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ បានមានប្រសាសន៍ក្នុងពិធីសម្ពោធនេះដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្របដណ្ដប់ទៅលើសហគមន៍ដែលងាយរងគ្រោះបំផុត។

ថ្លែងក្នុងសន្ទរកថាបិទកម្មវិធី លោកស្រី Dr Angelika Stauder លេខាទី១ និងជាអនុប្រធានផ្នែកសហប្រតិបត្តិការ នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានលើកឡើងថា៖ «មន្ត្រីនគរបាលតែម្នាក់ឯង មិនអាចដោះស្រាយអំពើហិង្សាលើស្រ្តី និងក្មេងស្រីបានទេ។ នេះជាបញ្ហាសង្គមដែលទាមទារឱ្យមានការឆ្លើយតបពីសង្គមទាំងមូល។ ប៉ុន្តែកម្លាំងនគរបាល គឺមានអំណាច និងការទទួលខុសត្រូវជាពិសេស នោះគឺជាការការពារជនរងគ្រោះពីហានិភ័យបន្ថែមទៀតការតាមចាប់ជនល្មើស និងការទប់ស្កាត់ឧក្រិដ្ឋកម្មនានា។

លោកស្រី Dr Angelika Stauder បានបង្ហាញការសង្ឃឹមយុទ្ធនាការផ្សព្វផ្សាយផ្សព្វផ្សាយសាធារណៈនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការដឹកនាំជនរងគ្រោះឆ្ពោះទៅរក និងប្រើប្រាស់សេវាផ្តល់ដោយនគរបាល និងសេវាធានាសុវត្ថិភាពដែលមានស្រាប់ដទៃទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×