Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ជំរុញលើកទឹកចិត្តដល់សមាគមទីក្រុង​ប្រើប្រាស់​ភាសាបារាំង និងរដ្ឋបាលរាជធានីភ្នំពេញ បន្តនូវកិច្ចសហប្រតិបត្តិការ ដ៏ល្អជាមួយគ្នាបន្ថែមទៀត

spot_img

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារទី២៤ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម ព្យែរ បៃយ៉េ ( Mr.PIERRE BAILLET ) លេខាធិការ​អចិន្ត្រៃយ៍ នៃ​សមាគម​ទីក្រុង​ប្រើប្រាស់​ភាសាបារាំង (AIMF) ចូលជួបសម្តែងការគួរសម។

សម្ដេចក្រឡាហោម ស ខេង បានសាទរចំពោះទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងសមាគមទីក្រុងនិយាយភាសាបារាំង ជាមួយសាលារាជធានីភ្នំពេញ។ សម្ដេច បានថ្លែងថា ទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ពុជាកំពុងតែដំណើរការនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។

សម្ដេចបានចាត់ទុកទស្សនកិច្ចនេះក៏ថាជាការលើកទឹកចិត្តមួយបន្ថែមទៀតដល់ទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងកម្ពុជា និងបារាំងដែលជាប្រទេសមានទំនាក់ទំនងជាមួយគ្នាជាយូរលង់ណាស់មកហើយ។ សម្ដេចក៏បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម ព្យែរ បៃយ៉េ និងប្រតិភូក្នុងពេលនេះថា ជាការជំរុញទឹកចិត្តដល់ យុវជនកម្ពុជាឲ្យបន្តចាប់យកឱកាសសិក្សាភាសាបារាំង កាន់តែច្រើនឡើងថែមទៀតផងដែរ។

សម្ដេចក្រឡាហោម ក៏សម្ដែងនូវការគាំទ្រចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងសមាគមទីក្រុងនិយាយភាសាបារាំង ជាមួយនឹងសាលារាជធានីភ្នំពេញ និងគាំទ្រចំពោះសមិទ្ធផលនានា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរនាពេលកន្លងមកផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ព្យែរ បៃយ៉េ បានថ្លែងអំណរគុណសម្ដេចក្រឡាហោម និងបានជម្រាបជូនសម្ដេចផងដែរថា ឯកឧត្តម និងសហការី ពិតជាមានសេចក្ដីរីករាយចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងសមាគមទីក្រុងនិយាយភាសាបារាំង ជាមួយសាលារាជធានីភ្នំពេញ។

ឯកឧត្តមបានគូសបញ្ជាក់ថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនេះ មិនផ្ដោតសំខាន់ទៅលើការនិយាយភាសាបារាំង នៅទីក្រុងដែលជាសមាជិករបស់សមាគមប៉ុណ្ណោះទេ ប៉ុន្តែទំនាក់ទំនងនិងកិច្ចសហប្របត្តិការនេះ ក៏ផ្ដោតទៅលើគោលបំណង នៃការអភិវឌ្ឍគាំទ្រដល់ការកសាងស្ដារនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការបង្កើតនូវថ្នាលបច្ចេកវិទ្យាផងដែរ។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចអំពីសមិទ្ធផលមួយចំនួន ដែលសម្រេចបានកន្លងមកដែលជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាមួយសាលារាជធានីភ្នំពេញ ដែលគម្រោងទាំងនោះបានផ្តល់ផលជាវិជ្ជមានដល់ផ្នែកសង្គម ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសទៀតនោះគឺគម្រោងទាំងនោះ បានផ្តល់នូវសិទ្ធិអំណាចទៅដល់អ្នកដឹកនាំនៅក្នុងមូលដ្ឋាននោះផ្ទាល់។
ឆ្លើយតបចំពោះការលើកឡើងអំពីការផ្តល់ នូវសិទ្ធិការគ្រប់គ្រងទៅថ្នាក់មូលដ្ឋាននេះ សម្តេចក្រឡាហោម បានយកឱកាសនេះជម្រាបជូនដែរថា សម្ដេចគាំទ្រចំពោះអ្វីដែលជាគំនិតផ្ដួចផ្ដើម និងការជួយគាំទ្ររបស់សមាគមទីក្រុងនិយាយភាសាបារាំង ដោយសារកិច្ចការនេះមួយផ្នែក ក៏ដើរស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តពាក់ព័ន្ធទៅនឹងការផ្ទេរសិទ្ធិអំណាច មកដល់ថ្នាក់ក្រោមជាតិ។

សម្ដេចបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាពេលឆាប់ឆាប់ខាងមុខនេះ ក៏ជាកិច្ចខិតខំប្រឹងប្រែងមួយ ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដើម្បីផ្ដល់អំណាច សិទ្ធិសម្រេច ធនធានថវិកា និងធនធានមនុស្សទៅដល់ថ្នាក់ក្រោមជាតិក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អលើសេវាសាធារណៈ ការងារសុខាភិបាល និងការងារសន្តិសុខនៅមូលដ្ឋានជូនពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

សម្ដេចក្រឡាហោមក៏បានសម្ដែងការគាំទ្រ និងបន្តជំរុញលើកទឹកចិត្តដល់សមាគម និងរដ្ឋបាលរាជធានីភ្នំពេញ បន្តនូវកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×