ភ្នំពេញ៖ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានកាត់បន្សាបគ្រាប់បែក AN-M66 ទម្ងន់ជិតមួយតោន ដោយជោគជ័យ និងប្រកបដោយសុវត្ថិភាព ។
សូមបញ្ជាក់ថា គ្រាប់បែកដ៏ធំមួយនេះ បានស្រង់ពីបាតទន្លេចតុមុខ ទល់មុខព្រះរាជវាំង ក្នុងប្រតិបត្តិការរុករកមួយកាលពីពេលកន្លងទៅ។
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ ប្រកាសកោតសរសើរកម្លាំងជំនាញទាំងអស់ ដែលបានយកចិត្តខ្ពស់ បំពេញភារកិច្ច រហូតដល់ជោគជ័យលើបច្ចេកទេស ខណៈដែលគ្រាប់បែកប្រភេទនេះ មានលក្ខណ:ស្មុគស្មាញ ព្រោះវាត្រូវបានផលិតឡើងប្រឆាំងនឹងការដោះបន្សាបក្នុងករណីគ្រាប់បែកនេះទម្លាក់ហើយមិនផ្ទុះ។

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ នៅការដ្ឋានអង្គភាពស៊ីម៉ាក់ ក្រុមជំនាញគ្រាប់បែកអង្គភាពស៊ីម៉ាក់ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទAN-M66 ទម្ងន់ជិត១.០០០គីឡូក្រាម ដែលបានស្រង់ពីបាតទន្លេចតុមុខកន្លងទៅនោះ បានសម្រេចជោគជ័យមួយជំហានហើយ ដោយបានដោះបន្សាបគីបផ្ទុះក្បាលខាងមុខប្រកបដោយជោគជ័យ។ ការដំណើរការដោះបន្សាបគ្រាប់បែកនេះត្រូវបានសិក្សាពីគោលការណ៍សុវត្ថិភាពនិងលក្ខណ:បច្ចេកទេសយ៉ាងល្អិនល្អន់។ គ្រាប់បែកនេះត្រូវដោះបន្សាបគីបផ្ទុះផ្នែកកន្ទុយមួយទៀត ។
នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យនិងបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលបានប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញនិងទល់មុខព្រះបរមរាជវាំង ។ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទAN-M66 នេះមានទម្ងន់ជិត១.០០០គីឡូក្រាម មានជាតិផ្ទុះជាង៥០០គីឡូក្រាម ដែលមានឋាមពលបង្កគ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម។ ប្រសិនជាករណីអាក្រក់បំផុតកើតឡើងដោយការផ្ទុះគ្រាប់បែកនេះ នោះអាចបង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ លំនៅដ្ឋានប្រជាពលរដ្ឋ និងព្រះបរមរាជវាំង មិនខានឡើយ! នេះជាសំណាងមួយល្អណាស់សំរាប់កម្ពុជា។
តាមទិន្នន័យព័ត៌មានមានគ្រាប់បែកប្រភេទAN-M66 នេះចំនួន១១គ្រាប់ ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា។
ឯកឧត្តមហេង រតនា ក៏សូមអរគុណឯកឧត្តម អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ដែលបានសហការយ៉ាងជិតសិ្នទ្ធជាមួយកំលាំងអង្គភាពស៊ីម៉ាក់ ក្នុងការជម្លៀសគ្រាប់បែកដ៍ធំមួយនេះចេញពីទីតាំងរាជធានីភ្នំពេញទៅរកកន្លែងសុវត្ថិភាពដើម្បីកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ធ្វើការដោះបន្សាប ធានាសុខសុវត្ថិភាពជូនសង្គមជាតិយើង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី














