កំពង់ធំ ៖ លោក ផូង វណ្ណ ត្រូវបានតែងតាំង និងចូលកាន់តំណែងជាប្រធានសាលាដំបូងខេត្តកំពង់ធំ ជំនួសលោក លាង សួរ ដែលត្រូវបានផ្ទេរភារកិច្ចតែងតាំងឲ្យទៅបម្រើការជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ពិធីប្រកាសចូលកាន់តំណែង និងកែសម្រួលការងារនេះ ប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ និងមានការចូលរួមពីមន្ត្រីអាជ្ញាធរ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការផ្លាស់ប្ដូរតួនាទីនេះ គឺជារឿងធម្មតារបស់មន្ត្រីរាជការ ដើម្បីពង្រឹងរបៀបរបបការងារក្នុងស្ថាប័ន ធានានូវកិច្ចដំណើរការការងារកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់សំដៅលើកកម្ពស់សេវាកម្មយុត្តិធម៌ និងផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ផ្ដល់ភាពយុត្ដិធម៌មិនលំអៀង។

មហាជន និងមន្ត្រីស្មោះត្រង់ក្នុងខេត្តកំពង់ធំ បានលើកឡើងថា ពួកខ្លួននៅរង់ចាំមើល ថាតើ លោក ផូង វណ្ណ ដែលត្រូវបានតែងតាំង និងចូលកាន់តំណែងជាប្រធានសាលាដំបូងខេត្តកំពង់ធំនេះ អនុវត្តប្រព័ន្ធយុត្តិធម៌ក្នុងសាលាដំបូងខេត្តកំពង់ធំបានល្អឥតលំអៀង ឥតស៊ីសំណូកសូកប៉ាន់ដូចការប្ដេជ្ញានៅចំពោះមុខមន្ត្រីរាជការដែរឬទេ?៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







