បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២ បានចាប់ និងបញ្ជូនខ្លួន ជនសង្ស័យជនជាតិថៃម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ភីតាយ៉ា ប៊ូនប្រាសឺត (Pittaya Boonprasert) ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិថៃ មានទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ចំណែកវត្ថុតាងដែលដកហូតបានមាន៖ – គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន០៤ កព្ចាប់ ទម្ងន់ ៩៨,៧០ ក្រាម -ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿងចំនួន ១១ គ្រាប់ ទម្ងន់ ១,៤០ក្រាម និងសម្ភារមួយចំនួន។
ជនសង្ស័យត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ឥឡូវនេះ ជនសង្ស័យ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


