Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចអនុម័តជាឯកច្ឆន្ទថា ច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ថ្នាក់ក្រោមជាតិ គឺស្របនឹងរដ្ឋធម្មនុញ្ញ

spot_img

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចអនុម័តជាឯកច្ឆន្ទថា ច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺស្របនឹងរដ្ឋធម្មនុញ្ញ។

តបតាមសំណើរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

នៅព្រឹកថ្ងៃអង្គារទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០ នាទីព្រឹក នាសាលសន្និសីទក្រុមប្រឹក្សាធម្មនុញ្ញ អគារ “ស” វិមានរដ្ឋចំការមន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញតំណាងក្រសួងមហាផ្ទៃ ដើម្បីមកបំភ្លឺលើអត្ថបទច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ បន្ទាប់ពីបានទទួលសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពច្បាប់ខាងលើ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

ការអញ្ជើញភាគីពាក់ព័ន្ធមកបំភ្លឺនេះ គឺយោងតាមបទប្បញ្ញត្តិនៃមាត្រា២១ នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលចែងអំពីសំណូមពរក្នុងករណីចាំបាច់ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិក្នុងការស្នើសុំការបំភ្លឺ ឬការផ្ដល់ឯកសារពីក្រសួង ស្ថាប័នពាក់ព័ន្ធ។ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និង សហការី តំណាងឱ្យរាជរដ្ឋាភិបាល បានបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ ពីការវិវត្តនៃដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាពិសេស គោលដៅ គោលបំណង និងមូលហេតុសំខាន់ៗ ព្រមទាំងភាពចាំបាច់មួយចំនួនដែលឈានទៅដល់ការស្នើសុំធ្វើវិសោធនកម្មច្បាប់នេះ។
ឯកឧត្តម សក់ សេដ្ឋា បានគូសបញ្ជាក់យ៉ាងដូច្នេះថា “ វិសោធនកម្មមាត្រា១៤០ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សក្នុងជួរគណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និង ភូមិសាស្ត្រ នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីរ៉ាប់រងអនុវត្តមុខងារនិងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ អនុវត្តសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សា និង អនុវត្តតួនាទីជាតំណាងឱ្យរាជរដ្ឋាភិបាល ក្រសួងស្ថាប័ននានានៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដូចជា ការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ” ។

ច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខាងលើនេះ ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យនិងសម្រេចនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៩និង០០ នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

បន្ទាប់ពីបានប្រជុំ និងពិនិត្យល្អិតល្អន់ទៅ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឆន្ទថា ច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺស្របនឹងរដ្ឋធម្មនុញ្ញ។

សេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានរាជរដ្ឋាភិបាលអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០១ ខែមេសា ហើយត្រូវបានរដ្ឋសភាយកមកពិនិត្យ និងអនុម័តកាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅនេះ។ បន្ទាប់ពីអនុម័តសម្តេចពញាចក្រី ហេង សំរិន បានស្នើឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាព នៃសេចក្តីព្រាងច្បាប់នេះ។

បន្ទាប់ពីបានទទួលសំណើនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានដំណើរការនីតិវិធីនានា។ នៅថ្ងៃទី២៤ ខែឧសភា ម្សិលមិញនេះ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានជួបសួរដេញដោលតំណាងរាជរដ្ឋាភិបាល ពាក់ព័ន្ធការធ្វើវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌផងដែរ។

វិសោធនកម្មលើមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋលបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺបានបើកផ្លូវឱ្យបង្កើនចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ច្រើនជាងមុន។

ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។ ក្នុងមាត្រា១៤០ចាស់ បានកំណត់ចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដូចខាងក្រោម៖ គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន៧រូប។គណៈអភិបាលខេត្តមានចំនួនពី ៣រូប ទៅ ៧រូប។ គណៈអភិបាលក្រុង ស្រុក ខណ្ឌមានចំនួនពី ៣រូប ទៅ ៥រូប។ ចំនួនជាក់ស្តែងនៃគណៈអភិបាល សម្រាប់ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ដោយឡែកមាត្រា១៤០ថ្មី ដែលបានធ្វើវិសោធនកម្ម បានបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដូចខាងក្រោម៖ គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន ១១រូប។ គណៈអភិបាលខេត្តមានចំនួនពី ៧រូប ទៅ១១រូប។ គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥រូប ទៅ ៧រូប។ ចំនួនជាក់ស្តែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល បានឱ្យដឹងថា ការដំឡើងចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ ដូចមានចែងក្នុងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរថែមទៀត។ ក្នុងសេចក្តីថ្លែងហេតុ បានបញ្ជាក់ទៀតថា ការពង្រឹងស្ថាប័ន និងធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជាមានសារសំខាន់ ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ កាន់តែមានថាមភាព និងសក្ដានុពលក្នុងការរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។

តាមរយៈសេចក្តីថ្លែងហេតុនោះ រាជរដ្ឋាភិបាល ក៏បានបញ្ជាក់ដែរថា ការកែសម្រួលចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សក្នុងជួរគណៈអភិបាលដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីរ៉ាប់រងអនុវត្តមុខងារ និងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ, អនុវត្តសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សា និងអនុវត្តតួនាទីជាតំណាងឱ្យរាជរដ្ឋាភិបាល ក្រសួងស្ថាប័ននានានៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដូចជាការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។

សូមបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។

ច្បាប់នេះ ត្រូវបានរៀបចំ និងអនុម័តដាក់ឱ្យប្រើសំដៅធានា និងគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតជាសំខាន់ទៅលើការលើកកម្ពស់អភិបាលកិច្ច ការផ្ទេរមុខងារនិងធនធាន ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានដោយមានការចូលរួមពីប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរភាព បរិយាបន្ន និងសមធម៌សង្គម។

ការអនុវត្តរយៈពេលប្រមាណ ១៤ឆ្នាំកន្លងទៅនេះ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនមានជាអាទិ៍ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការលើកកម្ពស់សិទ្ធិអំណាចនិងការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្កើតឡើងនូវរចនាសម្ព័ន្ធនិងប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ការផ្ទេរមុខងារក្នុងការផ្ដល់សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋាន ការផ្ទេរបុគ្គលិកនិងការកសាងសមត្ថភាព ដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំប្រព័ន្ធផែនការអភិវឌ្ឍ កម្មវិធីវិនិយោគ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×