បន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២២ បានបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន ប្រព្រឹត្តនៅចំណុចជិតដល់ផ្សារទឹកពុះ ដែលស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អៀង រ៉ន ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ចំណែកវត្ថុតាងរឹបអូសបានមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកក ១៣៦ កព្ចាប់ , ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានរូប(ស្តុបប៊ឺរី)ចំនួន ៥១គ្រាប់, ថ្នាំគ្រាប់ពណ៌ប៉ៃតងមានរូប ម្គុដពីលើ ចំនួន១៤គ្រាប់, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ មានអក្សរ Vlចំនួន៣៧គ្រាប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានរូបមកុដពីលើ ចំនួន១៨គ្រាប់, ថ្នាំគ្រាប់សំបកពណ៌ឈាមជ្រូកចំនួន១០គ្រាប់, ថ្នាំកញ្ចប់ពណ៌ខៀវចំនួន១៥កញ្ចប់, ថ្នាំកាហ្វេសប្បាយចំនួន០១កញ្ចប់, ថ្នាំយិនស៊ិន០១កញ្ចប់, ថ្នាំហែមមើ(HERMES)ចំនួន០៤កញ្ចប់ និងហិបដែកចំនួន០១ ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ចូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


